ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តមួយគ្រឿងទៀតខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើង

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកJeepយ៉ាងលឿនហើយជ្រុលទៅបុករថយន្តម៉ាកតូយ៉ូតាព្រូសចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AS-6331 តាមបណ្ដោយផ្លូវលេខ៧០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ១៦៩ច្រកចូលបឹងកក់ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកJeep ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP-3616 តាមបណ្ដោយផ្លូវលេខ១៦៩ចេញពីបឹងកក់ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ឆ្លងផ្លូវទៅបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យប៉ើងទៅបោកផ្ទប់នឹងបង្គោលភ្លើង តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តទាំងសងខាងប៉ុណ្ណោះ។

    បន្ទាប់ពីកើតហេតុដោយភាគីទាំង២ សម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖