ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា អញ្ជើញចូលរួមដង្ហែសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការបុណ្យសព សម្ដេចឧត្តមទេពញាណ អញ្ជើញចូលរួមដង្ហែសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេច  នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស  ស្ថិតនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 

ពិធីដង្ហែ និងបញ្ចុះសព  សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សាច់ញាតិបងប្អូន កូនចៅនៃសព សម្តេចអគ្គមហាពញាចក្រី  ហេង  សំរិន  ប្រធានរដ្ឋសភា  សម្តេចវិបុលសេនាភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភា  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ប្រធានគណៈកម្មការបុណ្យសព សម្ដេចឧត្តមទេពញាណ លោកជំទាវកិត្តិសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការទី៤  នៃរដ្ឋសភា  និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖