ព័ត៌មានទាន់ហេតុការណ៍៖

បុរសល្មោភកាមម្នាក់បបួលក្មេងស្រីវ័យ១៣ឆ្នាំទៅឆ្លុះកង្កែបបែរជាចាប់រំលោភរួចសម្លាប់ក្នុងទឹកវាលស្រែ

ចែករំលែក៖

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនបុរសជាជនសង្ស័យល្មោភកាមម្នាក់ដែលបានល្បួងក្មេងស្រីវ័យ១៣ឆ្នាំ ម្នាក់អោយដើរឆ្លុះកង្កែបជាមួយ ហើយចាប់រំលោភរួចសម្លាប់បោះក្នុងទឹកស្រែស្លាប់យ៉ាងអណោចអធ័ម។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាឃាតកធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទីនៅថ្ងៃទី ០៩ខែឧសភាឆ្នាំ២០២២នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឲ្យដឹងនៅរសៀលនេះថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់គ្រួសាររងគ្រោះនិងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនិងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនិងមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្ត សៀមរាប  ទើបលោកដឹកនាំកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លាប់នៅលើទឹកប្រាកដមែន ហើយបានពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព។

លោកវរសេនីយ៍ទោបន្តថា បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងតាមវាលស្រែក្បែរភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីបានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះ  ចៅស្រីបានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ  បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់។  ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀប ភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹក ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ ។

លោកវរសេនីយ៍ទោបន្តថា ចំពោះករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័យឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើត ភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួរនាំ ។ លោកបន្តថា នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្លប់រួចក៏ចាប់ផ្ដើមរំលោភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លាប់តែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖