ប្រធានគណៈប្រតិភូពិភាក្សា របស់រុស្ស៊ីលោក Vladimir Medinsky បានប្រកាសនៅថ្ងៃទី ៩ខែឧសភាថា កិច្ចពិភាក្សាស្តីពីសន្តិភាពរវាងរុស្ស៊ី នឹងអ៊ុយក្រែន មិនបានផ្អាកនោះឡើយគឺធ្វើឡើងតាមបែបអនឡាញ ។
ជាមួយគ្នានេះដែរ ប្រធានាធិបតី
រុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការធ្វើអន្តរាគមន៍យោធានៅអ៊ុយក្រែន គឺជារឿងចាំបាច់ត្រូវតែធ្វើ ដោយសារតែបណ្ដាប្រទេសលោកខាងលិចបានបង្កការគំរាមកំហែងដល់តំបន់ព្រំដែន និងត្រៀមខ្លួនឈ្លានពានរុស្ស៉ី។
លោក ពូទីន បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយនៅឯពិធីប្រារព្ធខួបលើកទី៧៧ នៃទិវាជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ីរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២ នៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ នៅថ្ងៃចន្ទនេះ។ លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេស NATO មិនចង់ស្ដាប់ពួកយើងឡើយ ហើយនេះមានន័យថាជាការណ៍ពិតណាស់ ពួកគេមានផែនការផ្សេងជាច្រើន ក្នុងនោះរួមមានទាំងការរៀបចំជាច្រើន ដែលកំពុងធ្វើឡើងក្នុងតំបន់ដុនបាស់ និងការឈ្លានពានទឹកដីជាប្រវតិ្តសាស្ត្ររបស់ពួកយើង ដូចជាគ្រីមៀ ជាដើម»។
លោកបន្តទៀតថា «នៅក្នុងទីក្រុងកៀវ, ពួកគេបានប្រកាសពីលទ្ធភាពនៃការទទួលបានអាវុធនុយក្លេអ៊ែរ រីឯប្លុក NATO បានចាប់ផ្ដើមធ្វើសកម្មភាពយោធាគ្រប់គ្រងទឹកដីដែលនៅជិតព្រំដែនរបស់ពួកយើង…ដែលនេះជាទង្វើមិនអាចទទួលយកបាន ហើយរុស្ស៉ីចាំបាច់ត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងទាំងបង្ខំ ដើម្បីរារាំង ពួកឈ្លានពាន»។
គួរបញ្ជាក់ថា លោកពូទីន បានហៅសង្រ្គាមរបស់លោកនៅអ៊ុយក្រែនថា ជា «ប្រតិបត្តិការយោធាពិសេស» តែលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន»។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុងសុន្ទរកថានោះដែរ, លោក ពូទីន មិនបានប្រកាសពីការសម្រេចចិត្តធំដុំណាមួយនោះទេ ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ដោយមិនបាន ប្រកាសពីជោគជ័យ ឬក៏ការកេណ្ឌកងទ័ពទ្រង់ទ្រាយធំ ដូចការព្រួយបារម្ភរបស់លោកខាងលិចនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ Twitter of Mykhailo Podolyak/TTXVN