ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នាធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តឡង់គ្រីស័របើកលឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបើកឆ្លងភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យបួងចង្កូតធ្លាក់ចូលប្រឡាយ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ កែងនឹងផ្លូវលេខ១០០៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតា RUSH ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BS-0126 បើកបរតាមបណ្តោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ស្តុបបុរីអង្គរដែលជា ផ្លូវបែកជាបួនស្រាប់តែមានរថយន្តឡង់គ្រីស័រមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Q-2168 បើកដោយបុរសម្នាក់ រួមដំណើរ ជាមមួយនិងមនុស្ស២នាក់ទៀត បើកបរតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ជាន់ហ្រ្វ័ងមិនទាន់ ក៏ជ្រុលទៅបុករថយន្តតូយ៉ូតា RUSH ពេញទំហឹង រួចបួងចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ ភ្លាមៗនោះដែរប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានចុះទៅជួយអ្នកបើករថយន្ត និងអ្នករួមដំណើរឡើងមកលើគោក រួចទាក់ទងទៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុ ដោយភាគីទាំងសងខាង សម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖