ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នហាដ៏ជ្រាលជ្រៅបំផុត។ នេះបើយោងតាមព្រះរាជសារ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
ព្រះអង្គមានព្រះរាជបន្ទូលថា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូនកូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការ គាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ ។
ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ។ សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ ៕
ដោយ ៖ សុខ ខេមរា