ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតប្រធានាធិបតីហ្វីលីពីន បេក្ខភាព Marcos Jr នាំមុខដាច់លើបេក្ខភាពនានា

ចែករំលែក៖

លទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅព្រឹកថ្ងៃទី១០ខែឧសភា បានប្រកាសឱ្យដឹងថា បេក្ខភាពប្រធានាធិបតី Ferdinand Marcos Jr ទទួលបានការគាំទ្រ ខ្ពស់ក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី៩ ខែឧសភា ។ លោក Ferdinand Marcos Jr ទទួលបានសំឡេងគាំទ្រជាង៣០,៧លានសន្លឹក ។ ឈរលំដាប់ទីពីរ លោក Leni Robredo ទទួលបានសំឡេងគាំទ្រ១៤,៦លានសន្លឹក។
តើលោក Ferdinand Marcos Jr ជាអ្នកណា ? លោក Ferdinand Marcos Jr មានអាយុ៦៤ឆ្នាំ ត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសហ្វលីពីន ដោយមានឈ្មោះមួយទៀតថា បុងបុង ម៉ាកូស (Bongbong Marcos)។ លោកគឺជាកូនប្រុសតែម្នាក់គត់របស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos ដែលបានដឹកនាំប្រទេសហ្វីលីពីនដោយនយោបាយកណ្ដាប់ដៃដែក ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦។
នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧, លោក Marcos Jr បានលើកឡើងថា ឪពុករបស់លោកបានជំរុញឱ្យរូបលោកប្រឡូកចូលឆាកនយោបាយ ហើយនៅពេលលោកមានអាយុ ២០ឆ្នាំ រូបលោកបានក្លាយជាអភិបាលខេត្ត អ៉ីឡូកូស ណ័រតេ (Ilocos Norte) ដែលស្ថិតនៅចម្ងាយ ៤៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងម៉ានីល។ តែក្រោយមក ក្រុមគួសាររបស់លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីឪពុករបស់លោកត្រូវបានគេទម្លាក់ចេញពីអំណាចនៅឆ្នាំ១៩៨៦។
លោក Marcos Jr បានត្រឡប់មកកាន់ប្រទេសហ្វីលីពីនវិញក្នុងឆ្នាំ១៩៩១ ក្រោយពីឪពុករបស់លោកទទួលមរណភាព ហើយចាប់ពីពេលនោះមក លោកបានចាប់ផ្ដើមចូលរួមកាន់តែជ្រៅនៅក្នុងនយោបាយហ្វីលីពីន ដោយជាប់ឆ្នោតជាសមាជិកសភា ហើយបានក្លាយជាអភិបាលខេត្តសាជាថ្មី។ ប៉ុន្តែ លោកបានបរាជ័យនៅក្នុងការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ១៩៩៥ ហើយរហូតដល់ឆ្នាំ២០១០ ទើបលោកជាប់ឆ្នោតកា្លយជា សមាជិកព្រឹទ្ធសភាហ្វីលីពីន។
នៅឆ្នាំ២០១៦ លោក Marcos Jr បានបរាជ័យជាថ្មីនៅក្នុងការប្រកួតប្រជែងយកតំណែងជាអនុប្រធានាធិបតីហ្វីលីពីន ក្រោមថ្វីដៃអនុប្រធានាធិបតីសព្វថ្ងៃ គឺលោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជាគូប្រជែងដ៏ធំរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២នេះ។ ដោយឡែក បើនិយាយពីប្រវត្តិសិក្សារបស់លោក Marcos Jr មានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ពោលគឺ នៅពេលលោកជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា លោកបានអះអាងថាលោកទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Oxford ផ្នែកទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថា លោក Marcos Jr មិនបានទទួលសញ្ញាប័ត្រពិតប្រាកដនោះទេ ហើយសាកលវិទ្យាល័យ Oxford ក៏ធ្លាប់បានឱ្យដឹងដែរថា រូបលោកមិនបានបញ្ចប់ការសិក្សាទាំងស្រុងរបស់លោកនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖