នៅថ្ងៃទី ៩ខែឧសភា មន្ត្រីអេក្វាឌ័រ បានប្រកាសថា មានអំពើហិង្សាកើតឡើងនៅក្នុងមន្ទីរឃុំឃាំង CRS Bellavista ស្ថិតនៅទីក្រុងSanto Domingoបណ្តាលឲ្យមានមនុស្ស៤៣នាក់ស្លាប់។
មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំង បានឲ្យដឹងថា អំពើហិង្សាផ្ទុះឡើង ដោយសារតែវិវាទរវាង ក្រុមបងធំ ពីរផ្សេងគ្នានៅក្នុងមន្ទីរឃុំឃាំង គឺ ក្រុម Los Lobos និងក្រុម R7 ។ ក្រុមទាំងពីរបានបើកការប្រយុទ្ធគ្នាយ៉ាងសហាវ បណ្តាលឲ្យមានអ្នកស្លាប់ ៤៣នាក់និងរបួសជាច្រើន។
លោក Fausto Salinas ស្នងការប៉ូលិសទីក្រុង Santo Domingo បានឲ្យដឹងថា អំពើហិង្សាបានធ្វើឲ្យអ្នកទោស ១០៨នាក់បានបាត់ខ្លួនសង្ស័យថា លួចចេញពីគុកពេលមានអំពើហិង្សា ។ ជាមួយគ្នានេះក៏មានអ្នកទោស ១១២នាក់ត្រូវបានចាប់ខ្លួនវិលត្រឡប់មកវិញផងដែរ។
សាច់ញាតិអ្នកទោសជាច្រើន ក៏បានមកប្រមូលផ្តុំគ្នានៅមុខមន្ទីរឃុំឃាំង ដើម្បីរង់ចំដំណឹងពីសាច់ញាតិរបស់ខ្លួន ថាតើមានសុវត្ថិភាពឬមួយយ៉ាងណា ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា មានកម្លាំងប៉ូលិស ២០០នាក់ និងសន្តិសុខ២០០នាក់បានទៅកាន់មន្ទីរឃុំឃាំងដើម្បីរៀបចំសណ្តាប់ធ្នាប់។
គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ មកទល់ពេលនេះ មានអ្នកទោសប្រមាណ ៣៥០ នាក់ស្លាប់ ក្នុងអំពើហិង្សា៥លើកផ្សេងគ្នា ។ នៅក្នុងខែមេសា ក៏មានអ្នកទោស ២០នាក់ស្លាប់ នៅមន្ទីរឃុំឃាំង El Turi Cuenca ភាគខាងត្បូង ប្រទេសអេក្វាឌ័រ៕
ដោយ៖ ធីរីណា(រូបថត៖ AP)