ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡេង ប៉េងឡុង ៖ នៅថ្ងៃស្អែក ! រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ កែប ជុតិមា ដើម្បីចូលកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជាអគ្គលេខាធិការ រដ្ឋសភា លោក ឡេង ប៉េងឡុង គឺរដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ កែប ជុតិមា ដើម្បីចូលកាន់មុខតំណែងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នាថ្ងៃស្អែកនេះ។ 

លោក ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់សារព័ត៌មាន ថា រដ្ឋសភាបានទទួលសំណើរពីគណបក្សប្រជាជនរួចហើយដើម្បីស្នើជ្រើសតាំងនេះ ខណៈលោកថាតាមនីតិវិធីការបោះឆ្នោតជ្រើសតាំងនឹងធ្វើនៅថ្ងៃស្អែកតែម្ដង។

អ្នកនាំពាក្យ និងជាអគ្គលេខាធិការ រដ្ឋសភា លោក ឡេង ប៉េងឡុង បន្តថា៖ «យើងរៀបចំតាមនីតិវិធី គឺថ្ងៃស្អែកនឹងបោះឆ្នោតជ្រើសតាំងជំនួសសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង»។

សមាជិកសភា និងជាប្រធានគណកម្មការទី៤ គណកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពក្នុងជន្មាយុ ៧២ឆ្នាំ កាលពីល្ងាចម៉ោងប្រមាណ ៦និង២៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយសារគាំងបេះដូង។

សូមបញ្ជាក់ថា, រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៩៥បានចែងថា ក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្ម លាលែង ឬប្រាសចាកសមាជិកភាព ដែលកើតមានឡើង៦ខែ យ៉ាងតិច មុនចប់នីតិកាល ត្រូវចាត់ការជ្រើសតាំងជំនួសសមាជិកនោះតាមល័ក្ខខ័ណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងក្នុងច្បាប់បោះឆ្នោត។

ប្រការ១០ ថ្មី នៃបទបញ្ជាផ្ទៃក្នុងសភា កថាខណ្ឌទី១បានសរសេរថា ក្នុងករណីធម្មតា រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងដាច់ដោយឡែកពីគ្នានូវសមាជិកគណៈកម្មការនានានៃរដ្ឋសភា។ គណៈកម្មការនីមួយៗ ត្រូវជ្រើសតាំង ប្រធានមួយរូប អនុប្រធានមួយរូប និងលេខាធិការមួយរូបដោយវិធីបោះឆ្នោត។

លោក កែប ជុតិមា អាយុ៧២ឆ្នាំ ធ្លាប់ជាអភិបាលរាជធានីភ្នំពេញអស់រយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៣ បច្ចុប្បន្នជាសមាជិកសភាគណបក្សប្រជាជនកម្ពុជា មណ្ឌលភ្នំពេញ។ 

សូមរម្លឹកថា, ចំពោះមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្អូនប្រុស បានសរសេរដ៏ខ្លី ហើយសង្វែគបំផុត ដោយមានប្រសាសន៍ថា, បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។

សម្តេចតេជោបន្តថា, បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ៕

ដោយ ៖ សិលា


ចែករំលែក៖