ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុរវាងម៉ូតូហុងដាឌ្រីមដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយរថយន្តកុងតឺន័រនិងរថយន្ដកូរ៉ូឡា បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា អ្នកស្លាប់មានឈ្មោះកែវ ចាន់រ៉ា អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានខូចខាតទាំងស្រុង។
ចំណែកអ្នកបើករថយន្ដកុងតឺន័រម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣E-៤៥២៨ ចំណែកសឺមីរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A-៥៥១២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុបាត់ស្រមោល)។
រីឯអ្នកបើករថយន្ដម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២K-៤៨៩៧ មានឈ្មោះសួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនស្គាល់ រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ហើយបានបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏ទៅបុកជាមួយរថយន្ដកុងតឺន័រម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E- ៤៥២៨ សឺមីរុឺម៉កពាក់ស្លាកលេខភ្នំពេញ ៤A-៥៥១២ ហើយក៏បន្តទៅបុកជាមួយរថយន្ដម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២K-៤៨៩៧ដែលធ្វើដំណើរពីលិចទៅកើតបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នគរបាលខេត្តស្វាយរៀង ចំណែកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន