ព័ត៌មានទាន់ហេតុការណ៍៖

Liverpool ឈ្នះ Aston Villa ដើម្បីរក្សាក្តីសង្ឃឹមឈ្នះពាន Premier League

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool នៅតែរក្សាសម្ពាធលើក្រុមកំពូលតារាង Premier League Manchester City ខណៈដែលពួកគេបាននិងកំពុងតាមពីក្រោយយ៉ាងប្រកៀកក្រោយពីយកឈ្នះក្រុម Aston Villa ២ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ឧសភានេះ។

ក្រុមរបស់លោក Jurgen Klopp បានរងនូវការភ្ញាក់ផ្អើល បន្ទាប់ពីបានត្រឹមតែ៣នាទី កីឡាករ Douglas Luiz បានស៊ុតបាល់១គ្រាប់ផុតដៃអ្នកចាំទី Alisson របស់ Liverpool នាំមុខមុន ប៉ុន្តែ៣នាទីក្រោយមកគឺនៅនាទីទី៦ ក្រុមLiverpool បានរក១គ្រាប់តាមស្មើវិញដោយកីឡាករJoel Matip ហើយខ្សែប្រយុទ្ធ Sadio Mane ធ្វើឲ្យក្រុមភ្ញៀវនាំមុខវិញដោយការរកបាន១គ្រាប់នៅតង់ទី២នាទីទី៦៥។

អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Danny Ings បានខ្ជះខ្ជាយឱកាសក្នុងការតាមស្មើ និងធ្វើឱ្យក្តីសង្ឃឹមរបស់ក្លិបចាស់របស់គាត់ក្នុងការឈ្នះ៤ដងជាប្រវត្តិសាស្ត្រ ទោះបីជាក្រុមហង្សក្រហមបានទទួលរងនូវបញ្ហារបួសនៅពេលដែលខ្សែបម្រើដ៏មានឥទ្ធិពល Fabinho បានចូលលេងក្នុងតង់ទី១ជាមួយនឹងបញ្ហារបួសសរសៃពួរដែលត្រូវប្តូរចេញហើយអាចជាការសង្ស័យនឹងអវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍ទល់នឹង Chelsea ផងដែរ។

របួសរបស់ Fabinho នឹងក្លាយជាកង្វល់ដ៏ធ្ងន់ធ្ងរមួយសម្រាប់លោកKlopp ជាមួយនឹងការប្រកួត FA Cup និង Champions League វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែគាត់នឹងសង្ឃឹមថាការប្តូរចេញភ្លាមៗរបស់កីឡាករប្រេស៊ីលរូបនេះក្នុងតង់ទីមួយនឹងមិនមានបញ្ហាធ្ងន់ធ្ងរយូរនោះទេ។

ជ័យជម្នះនេះមានន័យថា ក្រុមហង្សក្រុម Liverpool ឈរនៅលេខរៀងទី២មានពិន្ទុស្មើគ្នា៨៦ពិន្ទុ មុនពេលដែលក្រុម Man City ប៉ះ Wolves នៅរាត្រីថ្ងៃពុធនេះ។ ក្រុមរបស់លោក Pep Guardiola នៅតែមានប្រៀបលើគ្រាប់បាល់ស៊ុតបញ្ចូលទី ប៉ុន្តែការឈ្នះរបស់ Liverpool យ៉ាងហោចណាស់ធានាថា ពួកគេស្ថិតក្នុងការប្រជែងពានរបស់ Manchester City នៅចុងរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖