ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្ត​ព្រះសីហនុ​ បំភ្លឺ​ករណី​បងថ្លៃជាគ្រូបង្រៀនវាយប្អូនថ្លៃស្រីរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ​៖​ រដ្ឋបាលខេត្ត​ព្រះសីហនុ​ សូមជម្រាបជូនសាធារណជន និងបងប្អូនសារព័ត៌មានមេត្តាជ្រាបថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើនាង បណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ 

យោងកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយស្ដ្រីជនរងគ្រោះបានទៅរកជួបអតីតប្ដី ឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ ដោយនាងបានតោងរបង(ផ្លោះរបង)ចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅបន្ទប់ជួលរបស់អតីតប្ដីនាង ដោយឃើញបង្អួចបិទជិត នាងបានយកកាំបិតបុ័ងតោនៅក្នុងរោងបាយ មកកាប់ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដី បណ្ដាលឱ្យបែកកញ្ចក់អស់០១ផ្ទាំង តែនាងមិនឃើញប្ដីនាងក្នុងបន្ទប់នោះទេ។ នាងក៏បានដើរចេញវិញទៅឈរស្រែកហៅឈ្មោះឌី(ជាអតីតប្ដី)ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ជាបងថ្លៃ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ហើយក៏បណ្ដាលឱ្យមានការទាស់សម្ដីគ្នាបង្កជាហិង្សាកើតឡើង(ប្រតាយប្រតប់) រវាងស្រី្ដរងគ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី។ 

ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាងតែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ(ទំហំ២១ម.ម)វាយទៅលើស្ដ្រីរងគ្រោះបណ្ដាលឱ្យមានរបួសភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ ដើម្បីទម្លាក់កាំបិតពីដៃស្រ្តីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា។ ក្រោយហេតុការណ៍ភ្លាមៗកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍ កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ដ្រីជនរងគ្រោះស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន៥០០$ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។ (របាយការណ៍បឋម) 

ក្រោយមកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែស្ដ្រីជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែលនេះ។ ក្រោយពេលទទួលបានបណ្ដឹងនេះ មន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ជុំវិញករណីនេះ នៅការិយាល័យជំនាញ។ បច្ចុប្បន្ន មន្ត្រីនគរបាលបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តនីតិវិធីសាកសួរ។ ព័ត៌មានលម្អិតរដ្ឋបាលខេត្តនឹងផ្តល់ជូននៅពេលបន្ទាប់។ អាស្រ័យដូចបានជម្រាបជូន សូមសាធារណជន និងបងប្អូនសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖សហការី​


ចែករំលែក៖