ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបំផ្លាញរថក្រោះ រថពាសដែក អ៊ុយក្រែនជិត៣ពាន់គ្រឿង

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ចាប់តាំងពីសង្គ្រាមវាយប្រហារអ៊ុយក្រែនផ្ទុះឡើង កម្លាំងទាហានរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់អ៊ុយក្រែន៧៩៣គ្រឿង និង រថក្រោះរថពាសដែកជិត៣ពាន់គ្រឿង។
សារព័ត៌មានTASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ដែលបានបញ្ជាក់ថា គោលដៅទាំងឡាយត្រូវបានកម្ទេចចាប់តាំងពីយុទ្ធនាការយោធាកើតឡើង ។ ទាហានរុស្ស៊ីបានបំផ្លាញសម្ភារសឹករបស់អ៊ុយក្រែន មានយន្តហោះ១៦៣គ្រឿង ឧទ្ធម្ភាគចក្រ១២៤គ្រឿង យន្តហោះគ្មានមនុស្សបើក៧៩៣គ្រឿង ប្រព័ន្ធមីស៊ីលការពារដែនអាកាស ៣០០ប្រព័ន្ធ និងរថក្រោះរថពាសដែក២.៩៧៩គ្រឿង ព្រមទាំងកាំភ្លើងធំ៣៥១ដើម…។
លោក Konashenkov ក៏បានប្រកាសផងដែរថា យន្តហោះចម្បាំងរបស់អ៊ុយក្រែនប្រភេទ Su-25 ក៏រងការបាញ់ទម្លាក់នៅយប់ថ្ងៃទី ៩ខែឧសភាផងដែរ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនេះដែរ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergey Lavrov បាននិយាយថា ការរឹបអូសយករូបិយប័ណ្ណបរទេសរបស់រុស្ស៉ី គឺមិនខុសអ្វីពីសកម្មភាពចោរកម្មនោះទេ បន្ទាប់ពីប្រមុខការទូតអឺរ៉ុបលោក ចូសេព បូរែល (Josep Borrell) បានបង្ហើបពីគំនិតបែបនេះ។
ក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស Financial Times លោក Josep Borrel បានស្នើរឹបអូសយករូបិយប័ណ្ណបរទេសរបស់រុស្ស៉ី ដែលត្រូវបានបង្កក ហើយប្រើប្រាស់ទុននេះសម្រាប់ចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ នៅពេលជម្លោះបិទបញ្ចប់។
ថ្លែងប្រាប់សន្និសីទសារព័ត៌មាន ក្នុងដំណើរទស្សកិច្ចទៅកាន់ប្រទេសអាល់ហ្សេរី លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «វាយុត្តិធម៌ណាស់ក្នុងការនិយាយថា សកម្មភាពនោះ គឺជាការលួចសុទ្ធសាធ ហើយលោកខាងលិចបានធ្វើវាដោយគ្មានការលាក់បាំងសោះ»។ លោកបន្ថែមថា «សកម្មភាពបែបនេះវាកំពុងហាក់ក្លាយជាទម្លាប់របស់លោកខាងលិចទៅហើយ ជាក់ស្តែងការដែលសហរដ្ឋអាមេរិកបានបង្កកមូលនិធិធនាគារកណ្តាលអាហ្វហ្កានីស្ថាន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន មិនមានគម្រោងចំណាយលើតម្រូវការរបស់ប្រជាជនអាហ្វហ្កានីស្ថាន ដែលទទួលរងផលវិបាកនោះឡើយ»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Moscow Times


ចែករំលែក៖