ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានបន្តកើនថ្លៃជាបន្តបន្ទាប់រហូតថ្លៃ ៥.៥៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់២០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៧១០០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៩៦០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ ៥.៥៥០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូតថ្លៃ ៥.៨០០រៀល ក្នុង១លីត្រ៕
ដោយ៖ស តារា