ភ្នំពេញ ៖ បើយោងតាមប្រភពពី ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានកិច្ចប្រជុំស្តីពីការបើកកិច្ច សវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ ដែលរួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ(ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ជាកិច្ចចាប់ផ្តើម លោក រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ជាកិច្ចបន្ទាប់លោក រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងជនជាប់ឃុំ ។ល។ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំសវនដ្ឋានស្ថិតក្នុងភូមិភាគ៣ ដែលរួមមាន៖ ផ្នែករដ្ឋបាលស៊ីវិល (រដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់), ផ្នែកសន្តិសុខសាធារណៈ (ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ សាលានគរបាលជាតិភូមិភាគ វរសេនាតូចនគរបាលការពារព្រំដែនគោគ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ។ល។), ផ្នែកពន្ធនាគារ (ពន្ធនាគារខេត្ត និងមណ្ឌលអប់រំកែប្រែ) ។ល។ ត្រូវយកចិត្តទុកដាក់ ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យបានច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានាឱ្យបានត្រឹមត្រូវតាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងជាពិសេសត្រូវជំរុញការងារចុះបញ្ជីកម្មសិទ្ធិដីធ្លីទាំងអស់របស់សវនដ្ឋានឱ្យបានឆាប់រហ័ស ជៀសវាងកើតមានបញ្ហាទំនាស់ដីធ្លីដោះស្រាយមិនចេះចប់ក្នុងមូលដ្ឋានរបស់ខ្លួន។ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងជនជាប់ឃុំ។
បន្ថែមលើនេះ លោក រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមប្រតិភូទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ចប្រតិបត្តិការទាំងអស់របស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ចេញនូវអនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍។ ជាងនេះទៅទៀត បន្ទាប់ពីបានបញ្ចប់ការងារសវនកម្មផ្ទៃក្នុងនៅគ្រប់សវនដ្ឋានគោលដៅទាំងអស់រួចរាល់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរៀបចំរបាយការណ៍ពិសេសមួយឬមួយចំនួន អំពីករណីដែលខ្លួនរកឃើញថា មានហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ ដើម្បីគោរពរាយការណ៍ផ្ទាល់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់។
ជាចុងក្រោយ លោក រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក លោកស្រី គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល និងសូមប្រសិទ្ធពរជ័យសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងបានប្រកាសបើកការងារសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ស្ថិតក្នុងភូមិភាគ៣ ចាប់ពីពេលនេះតទៅ៕
ដោយ ៖ សិលា