ភ្នំពេញ ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានប្រកាសថា នឹងបញ្ឈប់ផលិតជាផ្លូវការនូវ iPod Touch ដែលជាឧបករណ៍សម្រាប់ចាក់ចម្រៀងដ៏ពេញនិយមមួយបន្ទាប់ពីឧបករណ៍ចាក់ចម្រៀងតាមរយៈថាស CD។
អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, iPod Touch គឺជាឧបករណ៍ចុងក្រោយដែលនៅសេសសល់ពីកាលសម័យ iPod ហើយវាមិនត្រូវបានអាប់ដេតតាំងពីខែឧសភា ឆ្នាំ ២០១៩។ វាមិនជារឿងចម្លែកនោះទេដែលក្រុមហ៊ុន Apple បានបញ្ឈប់ការផលិត iPod ដោយសារតែមុខងាររបស់ឧបករណ៍នេះត្រូវបានបញ្ចូលទៅក្នុងទូរសព្ទ iPhone និងឧបករណ៍ជាច្រើនផ្សេងៗទៀតរបស់ក្រុមហ៊ុន ដូចដែលលោកប្រធានផ្នែកគ្រប់គ្រងទីផ្សារ Greg Joswiak បាននិយាយថា “វិញ្ញាណរបស់ iPod នៅតែមានជីវិត” នៅក្នុងផលិតផល Apple ផ្សេងៗទៀត។
គួររំឭកដែរថា Apple បានដាក់ឱ្យប្រើប្រាស់ iPod ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០០១ ហើយនៅពេលនោះ វាគឺជាឧបករណ៍តន្ត្រីដែលមានភាពច្នៃប្រឌិតខ្ពស់ដែលអាចដាក់បទចម្រៀងរាប់ពាន់នៅក្នុងហោប៉ៅរបស់អ្នកដែលចូលចិត្តស្ដាប់ចម្រៀង។ ក្នុងរយៈពេល២១ឆ្នាំនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់ឧបករណ៍ iPod ជាច្រើនដែលមានរូបរាងផ្សេងៗគ្នារួមមាន iPod Shuffle, iPod nano និង iPod Touch៕
ដោយ ៖ សិលា