ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿង បានបើកក្នុងល្បឿនលឿន រួចរេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៥៦ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Range Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BH-2019 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-2570 បានធ្វើដំណើរបញ្ច្រាសគ្នាក្នុងល្បឿនលឿន រួចរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក Range Rover ចំពីមុខបញ្ឆិតចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា តែក៏សំណាងល្អដែរដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ព្រមទាំងធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងផងដែរ ដែលចុងក្រោយភាគីខាងរថយន្ត Toyota Prius បានចេញថ្លៃខូចខាតឱ្យទៅភាគីរថយន្តម៉ាក Range Rover ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ ៖ ភារ៉ា ដង្កោ