ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកំលាំងពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខែក្រោយនេះឱ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ  បានណែនាំឲ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកំលាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឲ្យបានល្អ  ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតនានានៅក្នុងរាជធានីភ្នំពេញ។

  ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ឧសភាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ តំណាងស្នងការនគរបាលរាជធានី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ពន្ធនាគាររាជធានី កងយុទ្ធភូមិភាគពិសេសនិងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

   លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤និងកងកំលាំងពាក់ព័ន្ធទាំងអស់ ក្រៅពីការយកចិត្តទុកដាក់ ខ្ពស់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ នៅតាមទីតាំងបោះឆ្នោតហើយនោះ ត្រូវពិនិត្យពីភាពអសកម្មនានានៅតាមទីតាំងនិងការិយាល័យបោះឆ្នោត សំដៅធ្វើយ៉ាងណា អោយការបោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង ទៀមទាអោយកម្លាំងនិងអាជ្ញាធរទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងអំឡុងពេលយុទ្ធនាការឃោសនានិងអំឡុងពេលបោះឆ្នោតនេះហើយ ត្រូវពិនិត្យមើលផ្លូវច្បាប់អោយច្បាស់លាស់ ដើម្បីអនុវត្តការងារទាំងនេះបានទៅដោយរលូន បានល្អប្រសើរនិងគ្មានកំហុសឆ្គង។

    សូមបញ្ជាក់ថា៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង បានរៀបចំផែនការរួចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងយុទ្ធនាការឃោសនានិងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់នេះ ដោយនៅភ្នំពេញ អ្នកមានឈ្មោះ ត្រូវទៅបោះឆ្នោតមានចំនួន៨៩៩៦៨៨ នាក់ មានការិយាល័យបោះឆ្នោតចំនួន២១៩៧ ការិយាល័យ ស្មើនិង២៦៥ទីតាំង។ ដោយចាប់ពីពេលនេះតទៅរហូតដល់បញ្ចប់ការបោះឆ្នោត យើងបានរៀបចំ កម្លាំងបានយ៉ាងល្អ ទាំងកម្លាំងសន្តិសុខ កម្លាំងប៉ូលីស និងកងរាជអាវុធហត្ថ ។នៅពេលបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត យើងបាន រៀបចំជា៣តំបន់ នោះគឺតំបន់ A B និងC(Aនៅ បរិវេណបោះ ឆ្នោត , B ឆ្ងាយពីទីតាំង៥០ម៉ែត្រ និងCនៅក្រៅទីតាំង១០០ម៉ែត្រ) សំដៅធ្វើយ៉ាងណអោយការ បោះឆ្នោតនេះ ដំណើរការទៅដោយរលូន ធានាបានសន្តិសុខ សុវត្ថិភាព មានភាពយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា៕

ដោយ ៖  សំរិត


ចែករំលែក៖