ខេត្តកណ្តាល៖ មានការផ្អើលឈូឆរទៅមើលដើមឈើទាលមួយដើមដ៏ធំដែលអ្នកស្រុកអះអាងថាបានផុសចេញពីបាតទន្លេបាសាក់ ហើយដើមឈើទាលនេះមាន«ជាប់ពាក់ព័ន្ធនឹងឈ្មោះឃុំឈើទាលនេះតែម្តង»។ ខណៈនេះ អាជ្ញាធរកំពុងយករថយន្តស្ទូចមកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ។ ចំណែកទិដ្ឋភាពនៅកន្លែងនោះនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូប ព្រមទាំងមានថ្ងៃបាំងឆត្រផងដែរ។
បើតាមការឱ្យដឹងពីលោក សឿន ផល្លី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានបញ្ជាក់ថា មូលហេតុដែលអាជ្ញាធរស្រុកកៀនស្វាយនាំគ្នាចុះមកស្រង់ដើមឈើទាលពីទន្លេឡើងមកគោក និងមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាមកមើលដើមឈើទាលដ៏ធំសម្បើមមួយដើមនេះគឺក្រោយពីមានខ្មែរអ៊ិស្លាមម្នាក់ឈ្មោះ ហ្សុីន សេន ដែលបានចុះមុជទឹកដោះជើងមងក៏បានប៉ះដើមឈើធំ១ដើម ខណៈដែលគាត់រាយមងយកត្រី នៅទន្លេបាសាក់ត្រង់ចំណុចខាងលើ។ក្រោយពីដោះជើងមងរួចគាត់(ហ្សុីន សេន)ក៏បានធ្វើការនេសាទជាធម្មតា ហើយនៅពេលយប់ឡើងឈ្មោះហ្សីន សេន បានដេកយល់សប្តឃើញដើមឈើដែលទាក់ជើងមងនោះជាដើមឈើទាលដែលបានស្រុតដីបាក់ចូលទៅក្នុងទន្លេជាយូរឆ្នាំហើយ។ ដើមឈើទាលបានពន្យល់សប្តប្រាប់ហ្សុីន សេនថា «ខ្ញុំចង់ឡើងលើគោក»និងបានប្រាប់ថា ឱ្យយកកំណាត់ស មកចងខ្ញុំៗនឹងអណ្តែតហើបពីបាតទន្លេហើយ។ លុះបានរយៈពេល១ថ្ងៃ ហ្សុីនសេនក៏បានធ្វើតាមការពន្យល់សប្តនោះរួចក៏ឃើញមែកឈើទាលនោះតែម្តង។
លោកវរសេនីយ៍ត្រី សឿន ផល្លី បានបន្តឱ្យដឹងទៀតថា នៅពេលដែលខ្មែរអ៊ិស្លាមម្នាក់នោះឃើញមែកឈើនោះអណ្តែតក៏បានមករាយការណ៍ប្រាប់រូបលោក ទើបដឹងថាជាដើមឈើទាលដែលចាស់ៗនិយាយតៗគ្នាថា ជាដើមឈើទាលដ៏ធំមានបារមីកាន់ដែលអ្នកស្រុកមានជំនឿគោរពបូជារហូតបានដាក់ឃុំរបស់ពួកគាត់ជាឃុំឈើទាលតាំងជំនាន់នោះរហូតមក។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានបន្តថានៅពេលអាជ្ញាធរកំពុងយករថយន្តស្ទូច មកស្ទូចដើមឈើដ៏ធំនោះចេញពីទន្លេ តែរថយន្តស្ទូចដ៏ធំចំនួន២គ្រឿងនោះស្ទូចឈើនោះឡើងគោកមិនបានឡើយ ទើបមានការរៀបចំពិធីសែនព្រេនតាមបែបសាសនា ហើយក៏មានអ្នកចូលរូបនិងមានថ្ងៃបាំងឆត្រផងដែរ។លោកសឿន ផល្លី បានបញ្ជាក់ថា ដំណើរការស្ទួចតាំងពីព្រឹកព្រលឹមរហូតមកដល់ម៉ោង១៣និង៣០នាទីនេះទើបតែបានហើបបន្តិចទេ៕
ដោយ៖ ស្អាងជ័យ