ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះទី១ បានឃាត់ខ្លួនបុរសជាជាងម៉ូតូម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ខណៈដែលយកកាំបិតផ្គាក់កាប់ទៅលើអ្នកជិតខាងម្នាក់ជាជាងកាត់សក់ចំនួន២កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងនិយាយឌឺដងគ្នានាពេលកន្លងមក។
បើយោងតាមរបាយការណ៍របស់នគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១៣ ខែឧសភា ឆ្នាំ២០២២នេះថា៖ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនដៃដល់ខាងលើនេះកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ២២៣ ផ្លូវលេខ៥ ក្រុមទី៣ ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
ជនដៃដល់ឈ្មោះ ជី ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូ មានទីលំនៅផ្ទះលេខ២២១E ក្បែរកន្លែងកើតហេតុ។ រីឯជនរងគ្រោះឈ្មោះ សៀ ផានិត ភេទប្រុស អាយុ២០ឆ្នាំ ជាជាងកាត់សក់ (រងរបួសរយៈប្រអប់ដៃធ្ងន់ធ្ងរ) ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានទីលំនៅភូមិគោហេ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
ចំណែកវត្ថុតាងដែលត្រូវបានសមត្ថកិច្ចដកហូតមានកាំបិតផ្គាក់ចំនួន១ដេីម។
របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនដៃដល់បាននាំគ្នាផឹកស្រាស្រវឹង ហើយក៏បានផ្ទុះកំហឹងខឹងជាមួយជនរងគ្រោះដែលធ្លាប់និយាយឌឺដងគ្នានាពេលកន្លងមក។ ភ្លាមនោះជនដៃដល់ក៏បានស្ទុះទៅយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះចំនួន២កាំបិតដោយត្រូវចំប្រអប់ដៃស្តាំ និងដៃឆ្វេងរងរបួសធ្ងន់។
ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនោះ គឺក្នុងខណៈដែលកម្លាំងនគរបាលមូលដ្ឋានកំពុងតែជិះល្បាតក្នុងមូលដ្ឋាន ប្រទះឃើញក៏ជួយធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់ រួចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖អរុណរះ