ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!បុរសម្នាក់ស្លាប់ភ្លាមៗនិង០២នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង០២នាក់ម៉ែកូនរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយនិងរថយន្តធុនធំមិនស្គាល់ម៉ាក។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការរងស្រុកសង្កែ ទទួលបន្ទុកផ្នែកចរាចរណ៍បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៨នឹង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវហាយវ៉េ ស្ថិតនៅចំណុចក្រុមទី១៨ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-6237 ជិះគ្នាបីនាក់ក្នុងទិសដៅស្របគ្នាបានឡេីងវ៉ាជែងខ្វះការប្រុងប្រយ័ត្នក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តបណ្តាលឱ្យអ្នកបេីកបរម៉ូតូ ឈ្មោះ លិន និន ភេទប្រុស អាយុ២៨ឆ្នាំស្លាប់ភ្លាមៗ និងអ្នករួមដំណេីរពីរនាក់ ម្នាក់ឈ្មោះ លិន សុភាព ភេទស្រី អាយុ៣១ឆ្នាំ(រងរបួស) និងម្នាក់ទៀត ឈ្មោះ សួន បូរក្សា ភេទស្រី អាយុ០២ឆ្នាំ(រងរបួស) ទាំងបីនាក់រស់នៅភូមិតាស្តី ឃុំតាស្តី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំណែករថយន្តមិនស្គាល់ម៉ាក អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ (បានបេីកគេចចេញពីកន្លែងកេីតហេតុបាត់ស្រមោល)។    

      ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើការវាស់វែងយកម៉ូតូដែលរងការខូចខាតផ្នែកកំណាត់មុខទៅរក្សាទុកដើម្បីរង់ចាំធ្វើការស្រាវជ្រាវនិងដោះស្រាយតាមផ្លូវច្បាប់។

សពត្រូវបានប្រគល់ឱ្យខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីដោយឡែកជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖