ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាត់ ចំរើន ៖ NOCC សោកស្ដាយ ក្រោយ ខាន់ ចេសា មិនបានប្រកួតស៊ីហ្គេម ដោយសារបញ្ហាទម្ងន់

ចែករំលែក៖

ប្រទេសវៀតណាម ៖ វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ ២ក្រាម ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នេះ ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង និងស្នើសុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រ ជុំវិញករណីនេះ ដែលធ្វើឲ្យកម្ពុជា បាត់បង់ឱកាសដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ តាមរយៈវីរៈកីឡាការិនីឆ្នើមរូបនេះ ។

សូមបញ្ជាក់ថា, មោទនភាពជាតិបំផុត ! ខណៈកីឡាករកម្ពុជាបានដណ្ដើមមេដាយមាសលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ បន្ទាប់ពីយកឈ្នះកីឡាករថៃ Arunno Sivapan ដោយពិន្ទុដាច់ លើវិញ្ញាសារទម្ងន់ ៥៧គីឡូក្រាម ។ ជោគជ័យនេះត្រូវបានប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក គាំទ្រ ពីជ័យជម្នះនេះ របស់កីឡាករយកមេដាយមាសជូនជាតិ ។ 

 កម្ពុជានៅសល់បេក្ខភាពប្រកួតដណ្ដើមមេដាយមាស ៣រូបទៀត សម្រាប់ប្រភេទកីឡាឃីកបុកស៊ីង ដែលនឹងត្រូវប្រកួតនៅយប់នេះ រួមមានកីឡាករ លន់ បញ្ញា, កាន់ ម៉េង ហុង និងកីឡាករ ឈឿង ល្វៃ ។ 

 ជយោ! កីឡាករ ទូច រ៉ាឆាន់ ដណ្ដើម​បានមេដាយ​មាស​ លើកដំបូង  ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម លើកទី៣១ នៅ​ទី​ក្រុង​ហាណូយ ក្រោយ​យក​ឈ្នះ​កីឡា​ករ​ថៃ Arunno Sivapan ដោយពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើ​ប្រ​ភេទ​កីឡា​ឃីក​បុក​ស៊ីង ទម្ងន់ ៥៧គីឡូក្រាម ៕

ដោយ ៖ សិលា


ចែករំលែក៖