ខេត្តកែប ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀន ព្រមទាំងវត្ថុតាងជាច្រើនទៀតពាក់ព័ន្ធករណីគករឿងញៀន ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកែប ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្រ្កាបនិងឃាត់ខ្លួន។
យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកែប បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានស៊ើបអង្កេតចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន១ករណី នៅចំណុចសួនច្បារមុខសាលាខេត្តកែបក្នុងភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប ។
ប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច ចាន់ទី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមព៌ណសថ្លាចំនួន១កញ្ចប់ ទម្ងន់១២.៤២ក្រាម ថ្លឹងទាំងថង់,ម៉ូតូចំនួន១គ្រឿង ,ទូរសព្ទចំនួន១គ្រឿងនិង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង រួមទាំងសម្ភារៈវេចខ្ចប់មួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងសមត្ថកិច្ច បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត៕
ដោយ៖សហការី