មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានស្នើដល់កម្លាំងទាហានចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសនេះ ក៏ដូចជារក្សាស្ថិរភាពថ្នាំព្យាបាលអ្នកជំងឺ។
នៅក្នុងកិច្ចប្រជុំក្រសួងនយោបាយបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី១៥ខែឧសភា មេដឹកនាំគីម ជុងអ៊ុន បានរិះគន់ដល់វិស័យសុខាភិបាលខ្វះការទទួលខុសត្រូវ។ លោកគីម ជុងអ៊ុនបញ្ជាឱ្យចែកចាយថ្នាំពីឃ្លាំងស្តុកដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា។
កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួនកាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើនបារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែប្រទេសឯកោមួយនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។
យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំការិយាល័យបន្ទាន់មួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងចំពោះភាពគ្មានទំនួលខុសត្រូវរបស់មន្ត្រីសុខាភិបាលកូរ៉េខាងជើងមួយចំនួន និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដើម្បីរក្សាស្ថិរភាព ការផ្គត់ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុនក៏បានធ្វើទស្សនកិច្ចទៅកាន់ឱសថស្ថានមួយ មានទីតាំងស្ថិតនៅក្បែរទន្លេ Taedong ក្នុងទីក្រុងព្យុងយ៉ាងផងដែរ ក្នុងគោលបំណងត្រួតពិនិត្យការផ្គត់ផ្គង់ និងការលក់ថ្នាំពេទ្យ។
គិតត្រឹមថ្ងៃទី១៥ខែឧសភាកូរ៉េខាងជើងបានរាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 កើនដល់៥០នាក់នៅក្នុងចំណោម មនុស្សច្រើនជាង ៣៩២,៩២០នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅ។ ប៉ុន្តែមិនទាន់បញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ឆ្លង COVID-19 នោះទេ៕ ដោយ៖ ធីរីណា
រូបថត ៖ Yonhap