ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស្រីលង្កា ៖ នៅសល់ប្រេងសាំងអាចប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ

ចែករំលែក៖

នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថា ប្រេងសាំងស្តុកនៅក្នុងប្រទេសនេះប្រើប្រាស់គ្រប់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ ។ លោកក៏បានអំពាវនាវដល់ពលរដ្ឋលះបង់មួយចំនួនដើម្បីជួយដល់ប្រទេសជាតិរួចផុតពីវិបត្តិ។ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យផ្តល់ជំនួយជាបន្ទាន់នូវទឹកប្រាក់៧៥លានដុល្លារ ដើម្បីទិញទំនិញចាំបាច់បំផុត។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីនាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែលបានបញ្ជាក់ថា «បច្ចុប្បន្ន យើងនៅមានប្រេងសាំងសម្រាប់ប្រើប្រាស់បានតែមួយថ្ងៃទៀតប៉ុណ្ណោះ ។ នៅពេលខាងមុខគឺជាផលលំបាកបំផុតចំពោះជីវភាពរស់នៅរបស់យើង»។
នាយករដ្ឋមន្ត្រីស្រីលង្កាបានបញ្ជាក់ទៀតថា «យើងនឹងលះបងមួយចំនួន ហើយនឹងប្រឈមមុខក្នុងដំណាក់កាលដ៏លំបាកនេះ»។ លោកក៏បានសន្យានាំប្រទេសជាតិរួចផុតពីវិបត្តិសេដ្ឋកិច្ចផងដែរ។
នៅក្នុងរដ្ឋធានីកូឡំបូ ពលរដ្ឋបានឈរតម្រង់ជួរគ្នានៅតាមស្ថានីយប្រេងសាំងដើម្បីរង់ចាំទិញប្រេងសាំងតាំងពីព្រឹកព្រលឹម។ អ្នកខ្លះរង់ចាំរហូតដល់ទៅ៦-៧ ម៉ោងដោយមិនដឹងថាទិញបានឬអត់ទៀត ។
រដ្ឋមន្ត្រីថាមពលស្រីលង្កាលោក Kanchana Wijesekera បានប្រកាសថា ប្រេងសាំងទិញពីប្រទេសឥណ្ឌានឹងមកដល់ក្នុងពេលឆាប់ៗនេះ អាចជួយដល់ស្រីលង្កាឆ្លងផុតវិបត្តិក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ AFP

រូប​ថត​ ៖ EPA


ចែករំលែក៖