ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានថ្លែងរម្លឹក និងដឹងគុណ អ្នកនយោបាយចាស់ទុំ ក្នុងនោះលោកមានប្រសាសន៍ថា, រម្លឹកដល់វេលានៃការចាប់ផ្តើមការងារដំបូងរបស់ខ្ញុំក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ លោកពូៗជាឥស្សរជន និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺគ្រប់រូប តែងបានធ្វើការណែនាំ ផ្តល់នូវដំបូន្មាន ផ្តល់ជំនឿទុកចិត្ត និងការគាំទ្រ សហការរួមគ្នាឥតងាករេក្នុងបេសកកម្ម បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដោយមិនប្រកាន់នូវភាពវ័យក្មេងលើបទពិសោធន៍ក្នុងតួនាទីដឹកនាំ និងការងារមហាជនរបស់ខ្ញុំ។
លោក ហ៊ុន ម៉ានី បានបន្តថា, ខ្ញុំសូមថ្លែងអំណរគុណលោកពូៗ ចំពោះទឹកចិត្តស្រលាញ់ និងភាពកក់ក្តៅដ៏មានតម្លៃ និងអត្ថន័យបំផុតសម្រាប់ខ្ញុំក្នុងនាមអ្នកជំនាន់ក្រោយ។ អ្វីដែលខ្ញុំទទួលបានពីលោកពូៗ បានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការឱ្យខ្ញុំអាចហាត់ពត់ សម្រួច និងពង្រឹងបន្ថែមនូវចរិតលក្ខណៈនៃភាពជាអ្នកដឹកនាំមួយរូប។ ការណ៍នេះដែរ ខ្ញុំអាចនិយាយបានថា អាយុ ឬវ័យណាមួយមិនមែនជាកត្តាកំណត់ភាពជោគជ័យក្នុងការងារឡើយ ប៉ុន្តែការចេះគោរពគ្នា សហការគ្នា ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក និងការចេះសម្របសម្រួលរួមគ្នាសម្រេចជាលទ្ធផល និងសមិទ្ធផលជាក់ស្តែង ទើបជាកត្តាកំណត់នូវភាពជោគជ័យពិតប្រាកដ ៕
ដោយ ៖ សិលា