តាំងពីថ្ងៃទី១៦ខែឧសភា មកទល់ពេលនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងបង្កជាទឹកជំនន់វាយប្រហារនៅ ៧ស្រុក ក្នុងរដ្ឋអាសាម ប្រទេសឥណ្ឌា ធ្វើឱ្យពលរដ្ឋជាងកន្លះលាននាក់រងផលប៉ះពាល់ ។ ចរាចរណ៍ នានានៅក្នុងរដ្ឋនេះត្រូវផ្អាកទាំងស្រុង។
អាជ្ញាធរប្រចាំតំបន់បាននិយាយនៅថ្ងៃពុធនេះថា មនុស្សច្រើនជាង ៥០០,០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅឯរដ្ឋអាសាម ភាគឦសានប្រទេសឥណ្ឌា ដើម្បីគេចចេញពីទឹកជំនន់ដ៏ខ្លាំងក្លា ដែលបង្កឡើងដោយរដូវភ្លៀងមូសុងវស្សា ខណៈដែលមន្រ្តីបានព្រមានថា ស្ថានភាពអាកាសធាតុនឹងកាន់តែអាក្រក់ទៅ។
ច្រាំងទន្លេ Brahmaputra ដែលជាទន្លេមួយក្នុងចំណោមទន្លេដ៏ធំរបស់ពិភពលោក ដែលហូរចូលទៅក្នុងប្រទេសឥណ្ឌា និងប្រទេសជិតខាងបង់ក្លាដែសពីតំបន់ទីបេ បានបាក់ក្នុងរដ្ឋអាសាម រយៈពេល៣ថ្ងៃចុងក្រោយនេះ ជាហេតុធ្វើឱ្យជន់លិចភូមិជាង ១,៥០០ភូមិ ហើយភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃពុធនេះ ស្របពេលដែលការព្យាករថា ភ្លៀងនឹងបន្តរយៈពេល២ថ្ងៃទៀត។
រដ្ឋមន្រ្តីធនធានទឹកប្រចាំរដ្ឋអាសាម លោក Pijush Hazarika បានប្រាប់ថា «មានមនុស្សចំនួន៧នាក់បានលង់ទឹកស្លាប់ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅរយៈពេល៣ថ្ងៃចុងក្រោយនេះ រីឯមនុស្សចំនួន ៥០០,០០០នាក់ បានរងផលប៉ះពាល់ ខណៈដែលសា្ថនភាពទឹកជំនន់កំពុងប្រែជាធ្ងន់ធ្ងរទៅៗ ពីមួយម៉ោងទៅមួយម៉ោង»។
ដោយឡែករដ្ឋមន្រ្តីសុខាភិបាលប្រចាំរដ្ឋខាងលើ លោក កេសហាប់ ម៉ាហាន់តា (Keshab Mahanta) បាននិយាយថា កម្លាំងទាហានឥណ្ឌាបានជួយសង្រ្គោះមនុស្សចំនួន ២,០០០នាក់ ដែលបានជាប់គាំងក្នុងស្រុកហូចៃ (Hojai) ហើយទឹកទន្លេប្រាម៉ាពូត្រា អាចនឹងហក់ឡើងបន្តទៀត នាពេលខាងមុខ៕ ដោយ៖ ធីរីណា
រូបថត ៖ THX/TTXVN