ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងការក្លែងបន្លំ និងការលួចចម្លង សម្រាប់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់អោយដឹងថា, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងការក្លែងបន្លំ និងការលួចចម្លង សម្រាប់មន្ត្រីគយនិងរដ្ឋាករកម្ពុជា (Workshop on Combating Counterfeiting and Piracy for Cambodia Customs)នៅសាលាជាតិគយ តាមរយៈប្រព័ន្ធវីដេអូ និងចូលរួមដោយផ្ទាល់ ក្រោមអធិបតីភាពរបស់ លោកអគ្គនាយករង សែ សុឃន តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយអង្គការគយពិភពលោក ក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋបាលគយជប៉ុន និងមានការចូលរួមពីវាគ្មិនមកពីអង្គការគយពិភពលោក រដ្ឋបាលគយជប៉ុន នាយកដ្ឋានផែនការនិងបច្ចេកទេស វិស័យឯកជនដែលជាម្ចាស់សិទ្ធិផ្តាច់មុខ និងម្ចាស់កម្មសិទ្ធិបញ្ញាផងដែរ ព្រមទាំងមានការចូលរួមពីមន្រ្តីគយនិងរដ្ឋាករ ចំនួន ៣៩ រូប មកពីបណ្តាអង្គភាពគយនិងរដ្ឋាករនានា។ សិក្ខាសាលាមានគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រីកចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ជូនដល់មន្រ្តីគយនិងរដ្ឋាករក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបាននិងកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចជាតិ និងផ្តល់ផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាពអ្នកប្រើប្រាស់។  

ឆ្លៀតក្នុងឱកាសបើកវគ្គសិក្ខាសាលា លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណដល់ អង្គការគយពិភពលោក និងរដ្ឋបាលគយជប៉ុន លើកិច្ចសហការក្នុងការរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកការអនុវត្តល្អជាអន្តរជាតិ និងបទពិសោធន៍ពីប្រទេសជាសមាជិកផ្សេងទៀត ក្នុងន័យពង្រឹងសមត្ថភាពនិងចំណេះដឹងជូនដល់មន្រ្តីគយមានសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងបន្លំ និងការលួចចម្លងនានា ដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលករណីនេះធ្វើឱ្យមន្រ្តីមានសមត្ថកិច្ចមានការលំបាកក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសពាណិជ្ជកម្មលើកម្មសិទ្ធិបញ្ញា។ ទន្ទឹមនេះ ការចូលរួមពីវិស័យឯកជនក្នុងសិក្ខាសាលានេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកឡើងពីបញ្ហាប្រឈមនានារបស់ម្ចាស់សិទ្ធិ  ដើម្បីអាចឱ្យអាជ្ញាធរមានសមត្ថកិច្ចប្រយុទ្ធប្រឆាំងនឹងការចរាចរទំនិញក្លែងក្លាយកាន់តែចំទិសដៅនិងមានប្រសិទ្ធិភាព។ 

ជាកិច្ចបញ្ចប់នៃអង្គសិក្ខាសាលា លោកអគ្គនាយករង និងលោកស្រី Yoko Mamiya តំណាង WCO ROCB A/P បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ៣៩ រូប ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖