ខេត្តស្វាយរៀង ៖ បុរសរងគ្រោះជនជាតិចិនម្នាក់បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងបាវិតបន្ទាប់ពីមានជនសង្ស័យ៣នាក់បានប្រើហិង្សាព្រួតគ្នាវាយមកលើរូបគាត់ដណ្ដើមយកលុយអស់១,០០០ដុល្លារ និងទូរស័ព្ទ២គ្រឿង រួចទម្លាក់ខ្លួនចោលនៅក្នុងវាលស្រែ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូបាវិតម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គើ ដុងសុង (KE DONGSONG) អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូបាវិតម៉ុកបាយ កាន់លិខិតឆ្លងដែនលេខED9763679 មានស្រុកកំណើតនៅខេត្តហ្វូជៀន ប្រទេសចិន បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនកាស៊ីណូបាវិតម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សម្ភារដែលបាត់បង់រួមមានប្រាក់ដុល្លារប្រមាណ១ពាន់ដុល្លារ, ទូរស័ព្ទ២គ្រឿងម៉ាកiphone 13promax និងម៉ាក iphone 12 pro ។
បើតាមជនរងគ្រោះបានឱ្យដឹងថាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ មានស្រ្តីជនជាតិវៀតណាមម្នាក់មិនស្គាល់អត្តសញ្ញាណ ជាភ្ញៀវលេងល្បែងនៅក្នុងកាស៊ីណូបាវិតម៉ុកបាយ ហើយក៏ជាអ្នករត់ការពន្យារVISAឲ្យខ្លួនផងដែរ បានបបួលខ្លួនទៅផឹកស៊ីនៅហាងមួយកន្លែងក្នុងផ្សាររាត្រី ។ ពេលខ្លួនទៅដល់ក៏បានអង្គុយផឹកស៊ីជាមួយស្រ្តីនោះតែ០២នាក់ប៉ុណ្ណោះដោយកំពុងកម្មង់មុខម្ហូប ស្រាប់តែមានបុរសជនជាតិវៀតណាមចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណជាបក្ខពួករបស់ស្រ្តីនោះ បានជិះរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក និងមិនចាំស្លាកលេខចូលមកផឹកស៊ីរួមតុជាមួយ។
ប្រភពបន្តថា លុះផឹករហូតដល់ម៉ោង១១យប់ ខ្លួនក៏ឈប់ផឹក ហើយចង់ទៅបន្ទប់សម្រាកមុន ប៉ុន្តែពេលនោះជនជាតិវៀតណាមទាំង៣នាក់នោះបាននិយាយឱ្យខ្លួនឡើងជិះរថយន្តរបស់ពួកគាត់ៗជូនទៅ ។ ពេលជិះមកដល់ចំណុច មុខកាស៊ីណូបាវិតម៉ុកបាយ ស្រាប់តែបុរសជនជាតិវៀតណាមម្នាក់បានច្របាច់ទឹកម្ទេសដាក់មុខខ្លួនបណ្ដាលឱ្យក្រហាយភ្នែកមើលអ្វីមិនឃើញ រួចនាំគ្នាចាប់ចងដៃខ្លួន និងព្រួតគ្នាវាយមកលើរូបខ្លួនដោយដៃចំមុខជាច្រើនដៃបណ្ដាលឱ្យរងរបួសដាច់ស្បែកក្បាលដេរ២ថ្នេរ ជាំភ្នែកសងខាង ជាំត្រចៀក និងដៃសងខាង ព្រមទាំងដណ្ដើមយកលុយអស់១,០០០ដុល្លារ និងទូរស័ព្ទ២គ្រឿងម៉ាកiphone 13promax និងម៉ាក iphone 12 pro ហើយដឹកខ្លួនទៅទម្លាក់ចោលនៅឯវាលស្រែមួយកន្លែងដែលខ្លួនមិនស្គាល់ ។
ក្រោយមកខ្លួនក៏បានស្រែកហៅអ្នកភូមិក្បែរនោះឱ្យជួយនិងដឹកមកមន្ទីរពេទ្យដើម្បីព្យាបាលមុខរបួសភ្លាមៗតែម្ដង។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងបាវិត កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖យឹម សុថាន