ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាអាមេរិកអនុម័តតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន ក្រោយរយៈពេល៣ឆ្នាំមិនមាន

ចែករំលែក៖

រដ្ឋសភាអាមេរិកបានសម្រេចតែងតាំងលោកស្រី Bridget Brink ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយរយៈពេល៣ឆ្នាំមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅក្នុងប្រទេសនេះ។
តាមគេហទំព័រ Globalnews បានផ្សាយថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី១៨ខែឧសភា (ពេលវេលានៅអាមេរិក) បានសម្រេចតែងតាំងលោកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅក្នុងប្រទេសអ៊ុយក្រែន ។ ការសម្រេចខាងលើ ក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោនបង្កើនការផ្តល់ជំនួយសព្វាវុធដល់ប្រទេសអ៊ុយក្រែន។
សមាជិកមកពីគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ បានជំរុញឱ្យមានការអនុម័ត ជាបន្ទាន់ក្នុងការតែងតាំងលោកស្រី Bridget Brink ជាឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន។ លោកស្រី Bridget Brink ត្រូវបានប្រធានាធិបតីបៃឌិន ជ្រើសរើសនៅថ្ងៃទី២៥ខែមេសា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក, លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានគូសបញ្ជាក់ថា «ប្រជាជនអ៊ុយក្រែន បានការពារមាតុភូមិរបស់ពួកគេប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី ដោយមានជំនួយផ្នែកសន្តិសុខរបស់យើង ហើយលទ្ធផលជាផ្លែផ្កាថែមទៀតនឹងកើតមាន ក្រោយការបើកដំណើរការស្ថានទូតអាមេរិកឡើងវិញនេះ»។ លោក Antony Blinken ថា «ខណៈសង្រ្គាម
រុស្ស៉ី-អ៊ុយក្រែន នៅតែបន្តសហរដ្ឋអាមេរិកកំពុងចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដល់មន្រ្តីរបស់យើងដែលត្រូវវិលត្រឡប់ទៅកាន់ទីក្រុងកៀវវិញ»។
រដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យក្រុមគ្រួសាររបស់បុគ្គលិកអាមេរិកទាំងអស់នៅឯស្ថានទូតក្នុងទីក្រុងកៀវ ចាកចេញពីប្រទេសកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ចំពេលមានការព្រួយបារម្ភថាទាហានរុស្ស៊ីដែលប្រមូលផ្តុំនៅតាមព្រំដែនអ៊ុយក្រែន បម្រុងនឹងធ្វើការវាយប្រហារ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ ស្ថានទូតស្លូវ៉ាគី


ចែករំលែក៖