ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងរឿងលម្អិតទាំងស្រុងជុំវិញ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យឪពុកម្តាយ របស់ សុវត្ថិឌី ធារិកា ស្លាប់

ចែករំលែក៖

ក្លាយជារឿងដ៏គួរឲ្យសោកស្តាយ និងតក់ស្លុតជាខ្លាំងក្រោយពីករណីមរណភាពម្តាយឪពុករបស់តារាចម្រៀង សុវត្ថិឌី ធារិកា ។ ករណីគ្រោះថ្នាក់ដែលកើតឡើងតាំងពីរសៀលថ្ងៃទី១៧ ខែឧសភា២០២២ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់ទៀតរបួសស្រាល នៅស្រុកឆែប ខេត្ដព្រះវិហារ នៅតែជារឿងដ៏ចាប់អារម្មណ៍របស់មហាជនហើយខាងក្រោមនេះគឺជារឿងលម្អិតនៅពីក្រោយហេតុការណ៍នេះ។

តាមការបញ្ជាក់របស់តារាម្រៀង សុវត្ថិឌី ធារិកា បានលើកឡើងថា គ្រួសាររបស់នាង ក្នុងនោះមាន ប៉ា ម៉ាក់ ជីដូន នាង និងប្អូនប្រុស បានធ្វើដំណើរក្នុងឡានតែមួយជាមួយគ្នាចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ពិធីបុណ្យអុំទូក និងសិល្បការផ្សេងៗ ស្ថិតនៅភូមិកំពង់ស្រឡៅ១ ឃុំកំពង់ស្រឡៅ ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់។ ពេលនោះប៉ារបស់នាង បានបើកឡានចូលចាក់សាំង ហើយបើកចេញមកវិញភ្លាមក៏ជ្រុលចង្កូតក្រឡាប់ធ្លាក់ទឹកតែម្ដង។នាងលើកឡើងថាក្រោយជួបគ្រោះថ្នាក់ មនុស្សទាំង ៥នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆែប ប៉ុន្ដែជាអកុសលប៉ា និងម៉ាក់របស់ធារិកា បានផុតដង្ហើមបាត់ទៅហើយ។ រីឯជីដូនចាស់ និងនាង ព្រមទាំងប្អូនប្រុសដែលរបួសស្រាល ត្រូវបានគ្រូពេទ្យលាងរបួស និងដាក់សេរ៉ូម។ ធារិកា បានសម្រេចដឹកសពប៉ា និងម៉ាក់តាមរថយន្ដពេទ្យទាំងយប់មកតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅវត្ដចង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញក្រោមការជួយជ្រោមជ្រែងពីអ្នកជិតដិតនិងសិល្បករជាច្រើន។  សព បានដឹកមកដល់ម៉ោងប្រមាណ ១០យប់ ក្នុងថ្ងៃកើតហេតុដដែលនោះ ដោយមានញាតិមិត្ដ និងអ្នកសិល្បៈស្និទ្ធជាមួយតារាចម្រៀងស្រីរូបនេះរង់ចាំទទួល។ ចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ គេឃើញមានការជួយទំនុកបម្រុងខាងស្មារតី និងចូលបច្ច័យធ្វើបុណ្យជាបន្តបន្ទាប់។ សព នឹងបូជានៅម៉ោង ៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះនៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖