ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក ហ៊ុន ម៉ានិត អញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅវិទ្យាល័យ​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅវិទ្យាល័យ​ ប៊ុន រ៉ានី​ ហ៊ុន សែន ស្ពឺ​ ក្រោម​អធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ព្រមទាំង​ លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួម នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២​ នៅ វិទ្យាល័យ​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ 

សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លារបស់​ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន​ រួមមាន៖  អគារសិក្សាមួយខ្នង កម្ពស់៤ជាន់ ចំនួន២៤បន្ទប់  ផ្ទះសំណាក់គ្រូបង្រៀន១ខ្នង កម្ពស់២ជាន់ ចំនួន២០បន្ទប់ និងទីចាត់ការ ១ខ្នង ចំនួន៤បន្ទប់។ តាមរយៈសមិទ្ធផលដែលទទួលបាននេះ នឹងជួយបម្រើដល់ការងាររបស់គណៈគ្រប់គ្រងសាលា ជួយកាត់បន្ថយក្នុងការចំណាយលើជីវភាពរស់នៅដូចជាការធ្វើដំណើរ និងស្នាក់នៅ របស់លោកគ្រូអ្នកគ្រូ ជាពិសេសជួយដល់ការបង្រៀន​ និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យកាន់តែមានភាពប្រសើរឡើង។

ក្នុងពិធីសម្ពោធនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលជាផ្នែកមួយផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងជួយគាំទ្រដល់សាលារៀន និងមន្ទីរពេទ្យជាដើម។

ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតសមិទ្ធផលថ្មីនានានៅតាមសាលារៀននេះដែរលោកបណ្ឌិត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីអោយក្លាយពលរដ្ឋល្អ​ ពលរដ្ឋឆ្នើម មានចំណេះដឹងពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើននាពេលខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖