ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ “អគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ មាន ១២ បន្ទប់ រួមទាំងទីចាត់ការ បណ្ណាល័យ បន្ទប់ពិសោធន៍ និងបន្ទប់កុំព្យូទ័រ ដែលបំពាក់ទៅដោយសម្ភារបរិក្ខាសិក្សាទំនើប នៅវិទ្យាល័យសម្តេចចក្រី ហេង សំរិន អន្លង់ជ្រៃ ព្រមទាំងសមិទ្ធផលផ្សេងទៀតដូចជា ផ្លូវបេតុង តារាងបាល់បោះ របង ខ្លោងទ្វារថ្មី និងការជួសជុលអគារសិក្សាចាស់ចំនួន៦ខ្នង អមដោយសួនច្បារថ្មីផងដែរ។
សមិទ្ធផលទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនិងសម្បុរសជនជាច្រើនទៀត ក្នុងការចូលរួមអភិវឌ្ឍន៍តំបន់អន្លង់ជ្រៃ ក៏ដូចជាស្រុកពញាក្រែកទាំងមូល បានប្រែមុខមាត់ថ្មី មានការអភិវឌ្ឍលើគ្រប់វិស័យទាំងខាងពុទ្ធចក្រ និងអាណាចក្រ។
សមិទ្ធផលជាច្រើនដែលបានកំពុងលេចរូបរាងនៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេសកើតមានឡើងក្រោមម្លប់សុខសន្តិភាព។ សុខសន្តិភាពជាកក្តាចំបាច់បំផុតនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើគ្មានសន្តិភាពទេ ពិតណាស់យើងគ្មានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសារយើងឡើយ៕
ដោយ ៖ សិលា