ភ្នំពេញ ៖ បុរសម្នាក់បានបើកឡំប្រឺតាយ៉ាងលឿនទាំងខ្លួនស្រវឹងស្រា បានជ្រុលទៅបុករថយន្តស្ទួចដឹកសសរបេតុងពីក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតារងការខូចខាតយ៉ាងដំណំ និងអ្នកបើករងរបួសក្បាលហូរឈាមពេញខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត(២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគឺមានបុរសម្នាក់បានបើករថយន្តស្ទួចដឹកសសរបេតុង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-1660 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានអែបខាងដោយបើកភ្លើងសុីញ៉ូសុំផ្លូវត្រឹមត្រូវ រួចអ្នកបើកបានចុះពីរថយន្តដើរឆ្លងផ្លូវទៅការដ្ឋានមួយកន្លែង ។ ភ្លាមៗនោះក៏មានបុរសម្នាក់មានអាការៈស្រវឹងស្រាបានបើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IK-6413 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន និងមិនប្រយ័ត្នក៏ទៅបុករថយន្តស្ទួចដឹកសសរបេតុងពីក្រោយពេញទំហឹងបណ្ដាលឱ្យឡំប្រឺតាខ្ទេចផ្នែកខាងមុខជាខ្លាំង និងធ្វើឱ្យសសរបុកចំក្បាលតៃកុងឡំប្រឺតាបែកក្បាលហូរឈាមជោកពេញខ្លួនផងដែរ ។
ក្រោយកើតហេតុភ្លាមៗ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនបានមកដល់ និងបានជួយរុំរបួសក្បាលឱ្យជនរងគ្រោះដើម្បីទប់ឈាមកុំឲ្យហូរខ្លាំង។ បន្ទាប់មកភាគីរថយន្តស្ទួចដឹកសសរបេតុងក៏បាននិយាយដោះស្រាយជាមួយម្ចាស់ឡំប្រឺតាដោយសុំស្មើគ្នា ពីព្រោះម្ចាស់រថយន្តបានចតសុំផ្លូវត្រឹមត្រូវ រីឯម្ចាស់ឡំប្រឺតាក៏ស្រវឹងស្រាខ្លាំងបើកមកបុករថយន្តពីក្រោយ ។ មួយសន្ទុះក្រោយមក ភាគីទាំងសងខាងក៏យល់ព្រមស្មើគ្នា រួចបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ