ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ ២០ឧសភាយើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវ សោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត ប៉ុលពត

ចែករំលែក៖

   ភ្នំពេញ៖  គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានរៀបចំទិវាជាតិនៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០៧អង្គ បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២២ដោយមានការអញ្ជើញចូលរួមពីលោកគតិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង លោក ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និង លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង៦០០០នាក់ចូលរួមផងដែរ។

      ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណទុក្ខដែលប្រជាជនកម្ពុជាបានចារឹក ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្មងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃនិងបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។    ពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន២ឆ្នាំមកហើយ ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។ ក្រុមមន្ត្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កម្រងផ្កាដោយសង្រួមកាយវាចាចិត្តនៅចំពោះស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅដែលត្រូវពួកឃាតកអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលទីក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់សូមទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។    ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមនេះ។     

    គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខបានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើងទៀតឡើយ និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឧិ្យបានស្ថិតស្ថេរគង់វង្ស ក៏ដូចជារួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឱ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។ ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀត ប្រជាជនយើងត្រូវចេះប្រើសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ។គណៈអធិបតីក៏បានឧទ្ទិសថ្ងៃ២០ឧសភាឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកលណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលក្នុងគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែលសម្តេចតេជោហ៊ុន សែនបានដឹកនាំស្វែងរកបានដោយលំបាក នឹងបានកសាងប្រទេសដ៏កំសត់មួយនេះឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕  

ដោយ ៖ សំរិត


ចែករំលែក៖