ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្តយកលុយចំនួន៥១.៩៤០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីដោយជាប់ពាក់ព័ន្ធនឹងករណីរំ​លោភ​លើ​ទំនុក​ចិត្ត​យកលុយចំនួន៥១.៩៤០ដុល្លារ។ 

   ការឃាត់ខ្លួនស្ត្រីខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះលេខ៤១​ ក្នុងបុរីហុងឡាយ​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    ជនសង្ស័យឈ្មោះទឹម​ សុធាវី​ ភេទស្រីអាយុ៣៩ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅផ្ទះលេខ៤១​ ក្នុងបុរីហុងឡាយ​ ភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

   ចំណែកជនរងគ្រោះឈ្មោះហេង​ ម៉ារ៉ាណូ​ ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរមន្ត្រីរាជការ​ ស្នាក់នៅភូមិដេីមមៀន​ សង្កាត់ដេីមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

   តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ ភេទប្រុស បានទាក់ទងជាមួយហាងបោះពុម្ភអាវយីហោហេងហួរ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីកុម្មង់ឱ្យបោះពុម្ពអាវគណបក្សចំនួន ៥០.០០០កំប្លេ (អាវ+មូក) ក្នុងតម្លៃចំនួន១,៣ដុល្លាក្នុងមួយកំប្លេ គិតជាប្រាក់មានចំនួន៦៥.០០០ដុល្លារ​ ដោយជនរងគ្រោះ បានកក់ប្រាក់ចំនួន៣៩.០០០ដុល្លារ តាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8746790264 ទៅឱ្យជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហូរដើម្បីដំណើរការក្នុងការកុម្មង់បោះពុម្ពអាវចំនួន៥០.០០០កំប្លេ(អាវ+មួក) (លើកទី១)។ លុះមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានកក់ប្រាក់ចំនួន២៦.០០០ដុល្លារទៀតតាមគណនីធនាគារABA លេខកូដប្រតិបត្តិការ8830252730ទៅឱ្យ ជនសង្ស័យឈ្មោះ ទឹម សុធាវី ភេទស្រី ដែលជាអ្នកគ្រប់គ្រងនិងចាត់ចែងក្នុងហាងបោះពុម្ពអាវយីហោហេងហួរ ដើម្បីដំណើរ ការក្នុងការកុម្មង់បោះពុម្ពអាវចំនួន៥០.០០០កំប្លេ(អាវ+មួក) (លើកទី២) ដោយកំណត់ថ្ងៃយកអាវមុនពេល ចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២។ បន្ទាប់មកជនសង្ស័យឈ្មោះទឹម សុធាវី 

បានបោះពុម្ពអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះឈ្មោះម៉ឹង សុខលាភ បានចំនួន៥.០០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន៦.៥០០ដុល្លារ ។ លុះមកដល់ថ្ងៃជិតចុះឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងឆ្នាំ២០២២ ជនសង្ស័យបានផ្ដល់អាវចំនួន១.២០០កំប្លេអាវ+មួក) គិតជាប្រាក់ចំនួន១.៥៦០ដុល្លារនៅសល់អាវចំនួន៤៣.៨០០កំប្លេ(អាវ+មួក) គិតជាប្រាក់មានចំនួន៥៦.៩៤០ដុល្លារ ដោយជនសង្ស័យឈ្មោះ ទឹម សុធាវី បានប្រគល់ប្រាក់ចំនួន៥.០០០ដុល្លារនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ចំពោះចំនួនអាវដែលនៅសល់គឺជនសង្ស័យពុំមានអាវសម្រាប់ផ្តល់ឱ្យជនរងគ្រោះនោះទេ ទើបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ម៉ឹង សុខលាភ និងជំនួយការឈ្មោះ ហេង ម៉ារ៉ាណូ បានឃាត់ខ្លួនសង្ស័យឈោ្មះ ទឹម សុធាវី ភេទស្រី នាំយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី តែម្ដង។ ដោយមានការសម្របសម្រួលនិងឯកភាពពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១១ ៤៩ ០០ ០០ បានអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលយើង ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទឹម សុធាវី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ដោយផ្អែកតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និង ចម្លើយសារភាពរបស់ជនសង្ស័យថាពិតជាមានករណីដូចខាងលើប្រាកដមែន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖