ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍បានឱឦ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់ កំពុងធ្វេីការដឹកជញ្ជូន តាមគោយន្តកន្រ្តៃយ៍រាប់សិបគ្រឿង ចំណែកក្រុមហ៊ុន( ភីអិនធីPNT )ត្រូវបានប្រជាសហគមន៍ប្រាប់ថា ជាអ្នកឈរចាំប្រមូលទិញការដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់ ។
តាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុន (ភីអិនធី PNT) ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសមម្ដីរបស់ប្រជាពលរដ្ឋក្នុងស្រុក ។
ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈេី និងធ្វេីការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃយ៍រាប់សិបគ្រឿងចូលទៅកាន់ក្រុមហ៊ុន (ភីអិនធីPNT)ដែលមានមេការឈ្មួញឈេីជេីងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វេីការដឹកជញ្ជូនឈេីដូចគេហែរកឋិន ចូលក្រុមហ៊ុន ។
តាមប្រភពពីសហគមន៍ព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែរៗតំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វេីការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈេីយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់លោក សយ សុផល ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ។
សមាជិកបណ្តាញសហគមន៍ព្រៃឡង់បានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋយកគោយន្តកន្រ្តៃយ៍រាប់សិបគ្រឿងដឹកឈើស៊ីឈ្នួលចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។
កាលពីពេលថ្មីៗនេះ អំឡុងខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រេីនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។
ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្ត វ៉េអង1ទៅលក់ចែកចាយតាមបណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ក្រុមហ៊ុនPNT បានធ្វេីការដឹកជញ្ជូនឈេីចំនូន៤គ្រឿង ដោយរថយន្តយីឌុបចេញពីចំណុចចំការកៅស៊ូ ។
លោក តូច សុភី នាយកដែនព្រៃឡង់ បានឱ្យដឹងថា ទីតាំងរបស់ក្រុមហ៊ុន PNT COLTD នៅក្រៅដែនសមត្ថកិច្ចរបស់លោក ចំណែកការចូលទៅកាប់ឈើនៅក្នុងដែនព្រៃឡង់ កម្លាំងរបស់លោកកំពុងតាមប្រម៉ាញ់ ចំពោះរថយន្តដឹកឈើចំនួន ៤ គ្រឿងចេញពីក្រុមហ៊ុន PNT កាលពីថ្ងៃ១៨ ខែឧសភា បានបើកចូលដល់ទឹកដីស្រុកសណ្តាន់ខេត្តកំពង់ធំ កម្លាំងរបស់លោកមិនអាចបង្ក្រាបបានទេ ។
លោក នួន សុខុម បានឱ្យដឹងថា ករណីខាងលើលោកក្តាប់មិនបានដែរ ដោយសារដែនព្រៃឡង់ជាដែនសមត្ថកិច្ចរបស់បរិស្ថាន តែលោកបានទទួលស្គាល់ថា បានហែក ប៉េសេរ (P C ) ឱ្យក្រុមហ៊ុនពិតប្រាកដមែន ។
លោក ចាប សារ៉ន តំណាងក្រុមហ៊ុន PNT មិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺបានទេ ករណីខាងលើនេះ ។
ពាក់ព័ន្ធបទល្មើសប្រមូលឈើក្រៅដែនរង្វង់ដីសម្បទានដឹកចូលក្រុមហ៊ុន ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ គួរបើកការស៉ើបអង្កេតឱ្យបានសុីជម្រៅ ដោយហេតុថា ព្រៃឈើនៅក្នុងដែនដីសម្បទានសេដ្ឋកិច្ចបានអស់ឈើកាប់ជាច្រើនឆ្នាំមកហើយជាមួយគ្នានោះផងដែរ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រះវិហារ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ត្រូវត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ពីប្រភពឈើដែលក្រុមហ៊ុនដឹកចូលក្រុមហ៊ុនយកអារនឹងឡើងឡានបានឈើមកពីណាឱ្យប្រាកដ៕
ដោយ៖ អ្នកប្រមាញ់