ប្រទេសថៃ៖ រថយន្តចំនួន៤គ្រឿងផ្ទុកពលករខ្មែរ៣៥នាក់និងម្ចាស់រថយន្តជាជនជាតិថៃ៤នាក់ត្រូវសមត្ថកិច្ចថៃស្ទាក់ចាប់បាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។
តាមសេចក្ដីរាយការណ៍បានប្រាប់ថា កាលពីយប់ថ្ងៃខាងលើនេះ កម្លាំងប្រតិបត្តិការពិសេសខេត្តស្រះកែវ សហការជាមួយកម្លាំងនគរបាលស្រុកខ្លងហាត និងអាជ្ញាធរដែនដីបានស្ទាក់ចាប់រថយន្តដឹកជញ្ជូនពលករខ្មែរលួចចូលប្រទេសថៃដោយខុសច្បាប់ចំនួន៤គ្រឿង ដោយបានឃាត់ខ្លួនពលករខ្មែរចំនួន៣៥នាក់ និង មេខ្យល់ជនជាតិថៃ៤នាក់ ។
ប្រភពបញ្ជាក់ថា នៅពេលសមត្ថកិច្ចថៃសួរនាំ ក្រុមជនសង្ស័យជនជាតិថៃដែលជាមេខ្យល់ទាំង៤នាក់បានសារភាពថា ពួកខ្លួនបានទៅទទួលពលករខ្មែរមកពីច្រករបៀងភូមិដយតៅ ឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីដឹកទៅខេត្តឆៈឆឺងសៅ ដោយយកថ្លៃជិះរថយន្តសម្រាប់ពលករខ្មែរក្នុងម្នាក់ៗ៩០០បាត និងបានចំណាយលុយឱ្យមេខ្យល់ជនជាតិខ្មែរក្នុងម្នាក់៥,០០០បាត ទើបសមត្ថកិច្ចថៃឃុំខ្លួនជនជាតិថៃដែលជាម្ចាស់រថយន្តទាំង៤នាក់ ចំណែកពលករខ្មែរទាំង៣៥នាក់ និងវត្ថុតាងរថយន្ត៤គ្រឿង បានបញ្ជូនទៅឱ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា