ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រារព្វនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ឃុំបួនគឺឃុំរអាង ឃុំទ្រាន ឃុំអំពិល និងឃុំគៀនជ្រៃ ក្នុងចំណោមឃុំទាំង ១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាប់ផ្តើមរៀបចំជួបប្រជុំគ្នាដោយជ្រើសរើសយកស្នាក់ការគណ:បក្សឃុំរអាងជាចំណុចដើមទីដែលមានសមាជិតចូលរួមចំនួន ១ ២០០នាក់។ ក្នុងពិធីដ៏មហោឡារិក អធិអធមជាប្រវត្តិសាស្រ្តនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកស្រី ម៉ក់ ស៊ីថា ព្រមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់សៀម ឯកឧត្តមប្រធាន-អនុប្រធានក្រុមការងារ និងសហការីចុះឃុំទាំងបួន លោក លោក ស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក អាជ្ញាធរស្រុក ឃុំ និងបងប្អូនជាសមាជិកបក្សយ៉ាងច្រើនកុះករ។
លោកប្រធានក្រុមការងារបានយកស្នាក់ការគណបក្សឃុំរអាង ធ្វើជាចំណុចកណ្តាល ថ្លែងសារទៅកាន់បងប្អូនសមាជិកគណបក្សនៅក្នុងស្រុកទាំងបី គឺស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់ សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹននាំ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគោលនយោបាយឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានធ្វើការណែនាំបន្ថែមលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១- ត្រូវចុះឃោសនាឲ្យបានគ្រប់ទីកន្លែង និងនៅតាមគ្រប់ខ្នងផ្ទះ។
២- ត្រូវធ្វើការតាមដាន ពិនិត្យ និងវាយតម្លៃឲ្យបានស៊ីជម្រៅលើសកម្មភាព និងវោហារសាស្រ្តរបស់គណបក្សនយោបាយផ្សេងៗទៀត និងត្រូវវាយបក ឬតបតឲ្យបានទាន់ពេលវេលា។
៣- ត្រូវណែនាំសមាជិកបក្ស ទៅបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា ណែនាំរបៀបគូសន្លឹងឆ្នោត លេខរៀងគណបក្ស ពេលម៉ោងដែលត្រូវទៅបោះឆ្នោត និងស្នាក់ការបោះឆ្នោត។
៤- អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត និងគោលការណ៍ណែនាំសំខាន់ៗរបស់គណកម្មការជាតិរៀបចំការបោះឆ្នោតផ្សេងៗទៀត។
៥- ហាមពិសារគ្រឿងស្រវឹងនៅពេលកំពុងធ្វើយុទ្ធនាការ និងជាពិសេសនៅថ្ងៃទី៤ និងទី៥។
៦- ត្រូវត្រៀមឯកសារទាក់ទងការបោះឆ្នោតឲ្យបានគ្រប់គ្រាន់ មុនទៅបោះឆ្នោត។ ត្រូវត្រៀមមធ្យោបាយសម្រាប់ចាស់ជរា និងជនពិការ នាំយកគាត់ទៅស្នាក់ការបោះឆ្នោត។
៧- ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណ: ពិសេសការធ្វើចរាចរឲ្យបានល្អ ចៀងវាងមានបាតុភាពអាក្រក់ពីមហាជន។ ត្រូវរក្សាភាពថ្លៃថ្នូរ មានវិន័យ និងសីលធម៌ ក្នុងនាមជាសមាជិកគណបក្ស ប្រជាជនកម្ពុជា។
៨- ប្រធានក្រុមការងារត្រូវត្រៀមមធ្យោបាយធ្វើដំណើរ ស្បៀង និងថ្នាំសង្កូវឲ្យបានគ្រប់គ្រាន់ជូនសមាជិកបក្សដែលអញ្ជើញចូលរួមហែរក្បួន។
៩- សមាជិកបក្សម្នាក់ គឺជាសន្លឹកឆ្នោតមួយសន្លឹក បោះជូនគណបក្សប្រជាជន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
ចុងបញ្ចប់លោកបានលើកទឹកចិត្ត និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខភាពល្អ សុវត្ថិភាព និងទទួលបានជោគជ័យមកជូនគណបក្សយើង ក៏ដូចជាជូនខ្លួនយើង និងគ្រួសារយើង “ជយោគណបក្សប្រជាជនកម្ពុជា ជយោសន្តិភាព និងការអភិវឌ្ឍ” ៕
ដោយ ៖ សិលា