ភ្នំពេញ ៖ រថយន្តម៉ាក Lexus GS-300 មួយគ្រឿងបានបើកបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវ លេខ៣៧១ សឡា ខាងលិចស្តុបណូគា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Lexus GS-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-9789 បើកតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែអ្នកបើកស្រវឹងស្រា បានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ដួលចេញពីជួរមួយកង់ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយភ្លាមនោះម្ចាស់រថយន្តបានបើកទ្វាររថយន្តចុះគេចចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ