ប្រធានាធិបតីបៃឌិន នៅថ្ងៃទី ២២ខែឧសភា បាននិយាយសួស្តីទៅកាន់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ក្នុងពេលដែលលោកបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោកបៃឌិន ដែលបានបញ្ជាក់ថា លោកមិនបារម្ភពីការសាកល្បងអាវុធបរមាណូរបស់កូរ៉េខាងជើង នោះឡើយ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងទីក្រុងសេអ៊ូល នាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកនៅកូរ៉េខាងត្បូង មុនចេញដំណើរបន្តទៅកាន់ប្រទេសជប៉ុនដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់អាស៊ី, លោក បៃឌិន ក៏បានលើកឡើងដែរថា លោកមិនមានការព្រួយបារម្ភអ្វីទេចំពោះលទ្ធភាពនៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាមួយនឹងការបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយរឿងគ្រប់យ៉ាងដែលកូរ៉េខាងជើងអាចនឹងធ្វើចេញមកក្រៅ។
កាលពីថ្ងៃទី២១ខែឧសភា លោក ចូ បៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានឯកភាពគ្នាថានឹងពិចារណាលើ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយអាវុធមានសមត្ថភាពបំពាក់នុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិកមកកាន់តំបន់ ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដអាវុធពីសំណាក់កូរ៉េខាងជើង។ យ៉ាងណាក៏ដោយ ទាំងលោកបៃឌិន និងលោក យូន ស៊ុកយុល សុទ្ធតែបានបង្ហាញពីចេតនាផ្ដល់ជំនួយដល់កូរ៉េខាងជើង ដោះស្រាយវិបត្តិ COVID-19 តែមកទល់នឹងពេលនេះរបបដឹកនាំលោក គីម ជុងអ៊ុន មិនទាន់ឆ្លើយតបនោះទេ៕ ដោយ៖ ធីរណា
រូបថត៖ Reuters