ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី «គណបក្សប្រជាជនកម្ពុជា មិនមែនចុះជួបប្រជាពលរដ្ឋតែ ៥ឆ្នាំម្ដងនោះទេ» មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រួសារ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទី០២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានបន្តចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបសេដ្ឋចំនួន៣ ឃុំ រួមមាន ឃុំពោធិអង្រ្កង ឃុំពោធិចំរើន និងឃុំស្វាយរំពារ អមដំណើរដោយឯកឧត្តមអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
ក្នុងទិដ្ឋភាពដែលពោរពេញដោយសេចក្ដីសោមន្សរីករាយ លោក ហ៊ុន ម៉ានី បានលើកឡើងនៅក្នុងពិធីសំណេះសំណាលនេះថា «គណបក្សប្រជាជនកម្ពុជាមិនមែនចុះជួបប្រជាពលរដ្ឋតែ៥ ឆ្នាំម្ដងនោះទេ» ក្នុងន័យនេះឯកឧត្តមបានសង្កត់ធ្ងន់ទៅលើសកម្មភាពកន្លងទៅរបស់សមាជិក សមាជិក គណបក្សប្រជាជនកម្ពុជាដែលតែងតែលះបង់ពេលវេលា កម្លាំងកាយចិត្ត នៅស្និទ្ធជាមួយប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅជាមួយគ្នាក្នុងគ្រាលំបាក ជាក់ស្ដែងក្នុងដំណាក់កាលវិបត្តិកូវីដ១៩។ ទន្ទឹមនឹងការចុះជួបសំណេះសំណាលសមាជិកបក្សក្នុងថ្ងៃនេះ ក៏មិនភ្លេចរំលឹកពីការដឹងគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលតែងតែស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជារហូតដល់ទល់ពេលបច្ចុប្បន្ន ហើយសូមបន្តការជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាពជូនប្រជាជនកម្ពុជា ជាពិសេសកូនចៅជំនាន់ក្រោយ។
គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលនេះធ្វើឡើងស្របតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពីការចាប់ផ្ដើមបើកដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២ ៕
ដោយ ៖ សហការី