ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLEXUS GS300បើកទៅបុករថយន្តកុងតឺន័រកំពុងឆ្លងផ្លូវបណ្ដាលឱ្យខូចខាតមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបានជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កហេតុរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខក្រុមហ៊ុនស្រាបៀរកម្ពុជាក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ  រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាល FUSO ប្រភេទសណ្ដោងកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F- 2398 បើកឆ្លងផ្លូវពីកើតទៅលិចជិតផុតក្បាលទៅហើយ ស្រាប់តែមានរថយន្តLEXUS GS300 ពណ៌ស ពាក់ស្លាកលេខនគរបាល2-2359 ធ្វើដំណើរពីត្បូងទៅជើងបោះពួយក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុកចំធុងប្រេងរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឱ្យរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ បានចុះមកដល់ ហើយដោយឃើញរថយន្តទាំងពីរគ្រឿងនៅទទឹងថ្នល់ខ្លាចមានគ្រោះថ្នាក់បន្តទៀត ទើបសមត្ថកិច្ចបានវាស់វែងយករថយន្តទាំងពីរគ្រឿងទៅអែបនៅចិញ្ចើមផ្លូវ ហើយឱ្យភាគីទាំងសងខាងដោះស្រាយគ្នាបញ្ចប់រឿងតែម្ដង ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖