ខេត្តកំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៤ល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅស្ថិតនៅចំណុចផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនោះគឺឆេះចេញពីផ្ទះរបស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ៥៣ឆ្នាំ នៅក្នុងភូមិឃុំកើតហេតុខាងលើដែលជាប្រភេទផ្ទះថ្មមានទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ហើយបណ្តាលឱ្យឆេះរាលខូចខាតអស់ផ្ទះចំនួន១៣ល្វែងបន្ថែមទៀត(មិនទាន់ដឹងឈ្មោះម្ចាស់ផ្ទះ)។
កម្លាំងសមត្ថកិច្ចចម្រុះបានចូលរួមធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះមានរថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង, រថយន្តបញ្ជាការដ្ឋានកោះឆ្នេរ២គ្រឿង, រថយន្តសាលាមិត្តភាពកម្ពុជា-វៀតណាម១គ្រឿង, រថយន្តក្រុងច្បារមន១គ្រឿង, ស្រុកភ្នំស្រួច១គ្រឿង, ស្រុកសំរោងទង១គ្រឿង, ស្រុកបសេដ្ឋ១គ្រឿង, រថយន្តកងរាជអាវុធហត្ថខេត្ត១គ្រឿង និងរថយន្តដំណាក់ដំរី១គ្រឿង ប្រើប្រាស់ទឹកសរុប៣៣រថយន្ត ហើយអគ្គិភ័យក៏បានរលត់ទៅវិញនៅវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២។
ក្នុងករណីនេះមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ ហើយការខូចខាតនិងបាត់បង់សម្ភារនៅមិនទាន់ដឹងច្បាស់ ដោយសារម្ចាស់ផ្ទះនៅមានការភ្លេចភ្លាំង។ តាមការសន្និដ្ឋានជំហានដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ចន្ទ លីហ្សា