ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បញ្ជាដល់កងកម្លាំងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពក្នុង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ដាក់បញ្ជាដល់កងកម្លាំងអន្តរាគមន៍ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥  ដែលពិធីនេះប្រព្រឹត្តិទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងបទបញ្ជារបស់ លោកអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងទាំងអស់មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅនឹងកន្លែង ទាំងមធ្យោ បាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ ដែលអាចកើតមានឡើង ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ខែឧសភារហូតដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់យោធិនទាំងអស់ ដែលជាកម្លាំងអន្តរាគមន៍ត្រូវត្រៀមខ្លួននិងគ្រឿង បំពាក់ ព្រមទាំងមធ្យោបាយគ្រប់គ្រាន់នៅនឹងកន្លែង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំទទួលបទបញ្ជាចល័តអន្តរាគមន៍ បាន ទាន់ពេលវេលា 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់យោធិនគ្រប់រូបនិងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅ តាមឃុំ.សង្កាត់នីមួយៗត្រូវត្រៀមបម្រុង រាល់ឯកសារគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតជូនគណ បក្សនយោបាយដែលខ្លួនពេញចិត្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់គ្នាៗ កុំបីខានឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖