ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់ស្លាប់​ដោយសារបាក់ផ្លែម៉ូទ័រខ្ទាតចំ.ក​ ខណៈ​ដែលគាត់កំពុងកាត់ទុយយោដើម្បីតទឹក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ​ ខណៈ​ដែល​គាត់កំពុងកាត់ទុយយោដើម្បីតទឹក ហើយបាក់ផ្លែម៉ូទ័រខ្ទាតត្រូវចំ.ក បង្កការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភាម្សិលមិញនេះ​ ស្ថិតនៅក្នុង​ភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ​​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​នគរបាល​ខេត្ត​កំពង់​ធំ​ ដែល​យើងទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០២២។ 

   តាមរបាយការណ៍​ដដែល​បន្តថា​ សពជនរងគ្រោះនៅក្នុងឧបទ្ទវហេតុ​នេះ ឈ្មោះ ទា សាយគ្រី ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុ។​ 

    យោងតាម​ការឆ្លេីយបំភ្លឺ​ពីប្រពន្ធជនរងគ្រោះ ឈ្មោះ ជា ណារី អាយុ ៦២ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់កំពុងតែកាត់ទុយយោជ័រ រៀបចំតទឹកសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។ ចំណែករូបគាត់នៅធ្វើម្ហូប និងរៀបចំផ្ទះ។ មួយសន្ទុះក្រោយមក បន្ទាប់ពីគាត់ធ្វើម្ហូបឆ្អិនរួចហើយ គាត់ក៏បាន​ទៅហៅប្តីគាត់ មកពិសាបាយជាមួយគ្នា​។ ដោយប្តីគាត់ប្រាប់ថា ដូសបាយទៅ គាត់ទៅ​ឥឡូវហើយ​ ពេលនោះ​គាត់​ក៏នៅឈរមើលប្តីគាត់កាត់ទុយយោបន្តទៀត។  ភ្លាមៗនោះ ក៏ឮស្នូរ​សំឡេង​ឈីប ស្រាប់តែឃើញប្តីរបស់គាត់ដួលផ្ងារអុកគូទ​។ ឃើញដូច្នេះ គាត់ក៏ស្ទុះមក​ត្រកងប្តីរបស់គាត់ ហើយក៏បានឃើញបំណែកផ្លែម៉ូទ័រមុតនៅជាប់នឹងក​ប្ដីគាត់ និងស្រែកហៅឱ្យគេជួយដកបំណែកផ្លែម៉ូទ័រ ក្រោយពីដករួចហើយ ឈាម​ហូរចេញ​យ៉ាងខ្លាំងដូចអារ.ក​មាន់អ៊ីចឹង។ 

   ភ្លាមនោះ​អ្នកជិតខាងបានមកជួយលើកប្តីគាត់ដាក់លើរថយន្តយកទៅ​មន្ទីរពេទ្យ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

    ក្រោយកេីតហេតុ​កម្លាំងជំនាញរបស់នគរបាលប៉ុស្តិ៍ អនុភូមិ រួមទាំងក្រុមប្រឹក្សាឃុំបារាយណ៍ គ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព គឺ​មានស្នាមមុតរយះ​ចំត្រង់ក ខាងស្ដាំចំហៀងខាងមុខ ប្រវែង ១០សម×៦សម ជម្រៅដល់ឆ្អឹង (ដាច់សរសៃក)។ ចំណែក​ផ្នែកដងខ្លួន គឺពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។​ យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា បុរសរងគ្រោះ បាន​ស្លាប់ដោយសារផ្លែម៉ូទ័របាក់ខ្ទាតត្រូវចំក។ 

    ចំណែក​សពត្រូវបានធ្វើកំណត់​ហេតុ និង​ប្រគល់ជូនឈ្មោះ ជា ណារី ដែល​ជាប្រពន្ធ​ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖អារុណ​រះ


ចែករំលែក៖