ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បាននិយាយថា ក្តីសុបិននៃការលេងឱ្យ Real Madrid គឺមិនចេះចប់ឡើយ បើទោះជាបានជ្រើសរើសចុះកុងត្រាថ្មី និងបន្តនៅ Paris St-Germain ក៏ដោយ។ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៣ឆ្នាំរូបនេះបានច្រានចោលការផ្លាស់ទៅកាន់ក្លិបម្ចាស់ជើងឯកអេស្ប៉ាញកាលពីចុងសប្តាហ៍ដើម្បីចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំជាមួយ PSG។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការនិយាយទៅកាន់សារព័ត៌មាន BBC Sport កាលពីថ្ងៃចន្ទ Mbappe មិនបានច្រានចោលការផ្ទេរទៅកាន់ Real នៅពេលក្រោយក្នុងអាជីពរបស់គាត់នោះទេ។ កីឡាករូបនេះនិយាយថា“អ្នកមិនដឹងថាមានអ្វីអាចកើតឡើងនៅពេលអនាគតទេ។ ខ្ញុំបោះបង់ដើម្បីគិតអំពីអនាគត ខ្ញុំគិតតែពីបច្ចុប្បន្ន ហើយបច្ចុប្បន្នគឺខ្ញុំបានចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំបន្ថែមទៀតនៅ Paris St-Germain”។
នៅពេលសួរថាតើការចុះហត្ថលេខាលើកិច្ចសន្យាមានន័យថា សុបិនរបស់ Real Madrid ត្រូវបានបញ្ចប់ឬយ៉ាងណា Mbappe បាននិយាយថា “មិនដែលចប់ទេ”។ La Liga របស់អេស្ប៉ាញបានប្រតិកម្មខឹងសម្បារចំពោះព័ត៌មាននេះ ដោយហៅកិច្ចព្រមព្រៀងនេះថា “រឿងអាស្រូវ”។
Mbappe ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកបាននិយាយថា គាត់បាននិយាយជាមួយប្រធានក្លិប Real Madrid លោក Florentino Perez ដោយផ្ទាល់ ដើម្បីប្រាប់គាត់អំពីការសម្រេចចិត្តរបស់គាត់ មុនពេលចុះហត្ថលេខាលើការបន្តកិច្ចសន្យានៅ PSG។ Mbappe ថា “វាជាសប្តាហ៍មុនដែលខ្ញុំបានធ្វើការសម្រេចចិត្តនៅ។ជាដំបូង ខ្ញុំបាននិយាយទៅកាន់ប្រធានក្លិប Real Madrid ពីព្រោះខ្ញុំមានការគោរពច្រើនចំពោះគាត់ និងក្លិប។ ខ្ញុំគិតថាវាសំខាន់ក្នុងការនិយាយដោយផ្ទាល់ថាខ្ញុំនឹងមិនទៅ”។
Mbappe រកបាន២៨គ្រាប់នៅ Ligue 1 ដើម្បីជួយ PSG លើកពាន។កីឡាកររូបនេះក៏បានជួយបារាំងឈ្នះជើងឯក World Cup ឆ្នាំ២០១៨ផងដែរ។ Mbappe បានចាប់ផ្តើមអាជីពរបស់គាត់នៅ Monaco មុនពេលផ្លាស់ទៅ PSG ក្នុងឆ្នាំ២០១៧ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលចូលរួមជាអចិន្ត្រៃយ៍។ តាំងពីនៅក្លិប PSG មកគាត់បានឈ្នះពាន Ligue 1 ចំនួន៤ដង និង French Cup ៣ដង ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)