ប្រទេសថៃ ៖ យោធាថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៥នាក់ មេខ្យល់ខ្មែរម្នាក់និងជនជាតិចិនម្នាក់ចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់កាលពីថ្ងៃទី២៤ឧសភា២០២២ ។
សមត្ថកិច្ចជួរមុខប្រាប់ថា កម្លាំងទាហានចំពោះកិច្ចអង្គភាពទី១២កងកម្លាំងបូរផា សហការជាមួយកម្លាំងនគរបាលខ្លងណាំដៃ បានចុះល្បាតនឹងឃ្លាំមើលរាល់ទង្វើខុសច្បាប់គ្រប់រូបភាព បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យមួយគ្រឿងម៉ាកតូយ៉ូតា ដែលមានតៃកុងនិងជាជនជាតិថៃ ដែលនៅក្នុងរថយន្តប្រទះឃើញពលករខ្មែរចំនួន៦នាក់, ជនជាតិចិនម្នាក់ នឹងមេខ្យល់ជនជាតិខ្មែរម្នាក់ ទើបនាំខ្លួនយកទៅសួរចម្លើយ។
សមត្ថកិច្ចបន្តថាៈ នៅពេលសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូង បានឲ្យដឹងថា ពលករខ្មែរខាងលើ ចូលមកស៊ីឈ្នួលធ្វើការទូទៅនៅក្នុងខេត្តឈុនបុរី ដោយចំណាយលុយក្នុងការធ្វើដំណើរអស់ក្នុងម្នាក់៤,០០០បាត ដោយឡែកប្រុសជនជាតិចិនម្នាក់រកផ្លូវត្រឡប់ទៅប្រទេសកម្ពុជាដើម្បីធ្វើការ ដោយចំណាយលុយឲ្យមេខ្យល់១៥,០០០បាត បន្ទាប់ពីសួរនាំរួចរាល់ ក៏បញ្ជូនទៅឲ្យជំនាញខ្លងណាំដៃ ដើម្បីចាត់ការតាមច្បាប់បន្ត។
បន្ទាប់មក កម្លាំងទាហានកងរយទី១៣០៥របស់ថៃ បានប្រទះឃើញពលករខ្មែរ១ក្រុមទៀត ខណៈកំពុងលួចចូលប្រទេសថៃតាមច្រករបៀង បរិវេណភូមិកុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវចំនួន១៣នាក់ទៀត ទើបសមត្ថកិច្ចឃុំខ្លួននាំយកទៅសួរចម្លើយ បានឲ្យដឹងថា ពលករខ្មែរខាងលើ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបំណងទៅធ្វើការខាងសំណង់ក្នុងទីក្រុងបាងកក ដោយចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦,៥០០បាត ទើបសមត្ថកិច្ចឃុំខ្លួន និងប្រគល់ទៅឲ្យជំនាញខ្លងណាំសៃ ដើម្បីចាត់ការតាមច្បាប់បន្ត។យ៉ាងណាក៏ដោយ ក្នុងថ្ងៃដដែលនេះដែរ សមត្ថកិច្ចទាហានកងរយទី១៣០២ សហការជាមួយកម្លាំងនគរបាលខ្លងលឹក ស្រុកអារញ្ញ ឃុំខ្លួនពលករខ្មែរ៤នាក់ទៀត ព្រមទាំងក្មេង២នាក់ សរុប៦នាក់ ខណៈកំពុងលួចឆ្លងចូលប្រទេសថៃ បរិវេណច្រករបៀង ក្បែរផ្សាររោងគ្លឿ នឹងច្រកឆ្លងដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីទៅធ្វើការក្នុងខេត្តស្រះកែវ បន្ទាប់ពីសមត្ថកិច្ចសួរនាំរួចរាល់ ក៏បញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ ៖ វណ្ណា