ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈសូគីមិចបុកម៉ូតូបណ្តាលឲ្យសិស្សសាលាពីរនាក់របួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនជាសិស្សសាលាចំនួន២នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូចេញពីសាលារៀនត្រូវបានរថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនសូគីមិចបេីកបុកពីក្រោយអូសប្រហែល១០ម៉ែត្រ​ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចមុខសាលាអូឌឹម​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតគេបានឃេីញយុវជន២នាក់ជាសិស្សសាលាជិះម៉ូតូឌុបគ្នាម៉ាកzoomerx ពណ៌សលាយទឹកក្រូច​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 1K 1064 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសូគីមិច​ ពាក់ស្លាកលេខភ្នំពេញ3F 9473 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុករួចកិនអូសប្រហែល១០ម៉ែត្របណ្តាលឲ្យយុវជនម្នាក់ដាច់ជេីងឆ្វេងត្រឹមភ្លៅចំណែកម្នាក់ទៀតដាច់ត្រឹម កជេីងរងរបួសធ្ងន់ធ្ងរ។ 

ក្រោយកេីតហេតុតៃកុងរថយន្តបានចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ​ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុគូសវាសរួចយករថយន្តអែបគៀនបញ្ជៀសចរាចរណ៍រង់ចាំប្រគល់ទៅជំនាញមកយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖