ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅសណ្ឋាគារ ផាមរីវើ ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសមត្ថភាព មន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថក្នុងការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់គុណភាព។

សិក្ខាសាលានេះជាសិក្ខាសាលាលើកទី២ បន្ទាប់ពីបានរៀបចំនៅខេត្តកែបកាលពីសប្តាហ៍មុន ដោយសិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញពីមន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងអង្គការដៃគូពាក់ព័ន្ធដូចជា អង្គការសុខភាពពិភពលោក អង្គការ United State Pharmacopoeia-Regulatory Laboratory Capacity Strengthening Program (USP-RLCSP) និង Interpol ដោយមានការចូលរួមពីមន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងមន្រ្តីភ្នាក់ងារត្រួតពិនិត្យឱសថនៃមន្ទីរសុខាភិបាល ខេត្តចំនួន១៥ (ខេត្តព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី សៀមរៀប ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ កែប ឧត្តរមានជ័យ ប៉ៃលិន កំពត មណ្ឌលគិរី និងកំពង់ស្ពឺ)។

ក្នុងឱកាសបើកសិក្ខាសាលា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ឱសថក្លែងក្លាយ និងអន់គុណភាព ជាបញ្ហាសុខភាពសាធារណៈរួមទាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដែលក្រសួងសុខាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលសង្កេតឃើញមានការចរាចរនៅលើទីផ្សារនូវផលិតផលឱសថគ្មានលេខបញ្ជិកា ក៏ដូចជាការផ្សព្វផ្សាយលក់ឱសថ តាមប្រព័ន្ធអនឡាញ ដែលជាបញ្ហាមួយគួរឱ្យព្រួយបារម្ភចំពោះផលប៉ះពាល់សុខភាព ព្រោះក្នុងចំណោមឱសថទាំងនោះ មានមួយចំនួនជាឱសថគ្មានប្រភពច្បាស់លាស់ មិនមានចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយអាចជាឱសថក្លែងក្លាយ ឬអន់គុណភាពផងដែរ។

ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ត្រូវលក់តែឱសថណាដែលមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល។ ចំណែកឯប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថ ផលិតផលបំប៉នសុខភាព តាមប្រព័ន្ធអនឡាញ ហើយត្រូវទិញផលិតផលទាំងនេះតែពី ឱសថស្ថានស្របច្បាប់ ដោយត្រូវពិនិត្យមើលនូវលតាប័ត្រទិដ្ឋាការ ឬបញ្ជិកា នៅលើសំបកវេចខ្ចប់ឱសថ ដូចមានទំរង់នៅក្នុងសេចក្តីជូនព័ត៌មានជាហូរហែកន្លងមករបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺ ឬបញ្ហាសុខភាពផ្សេងៗ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ ដើម្បីទទួលបាន វេជ្ជបញ្ជាសម្រាប់តម្រូវការទិញឱសថប្រើប្រាស់ ដោយមិនត្រូវប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាឡើយ សំដៅបង្ការកុំឱ្យកើតមានភាពស៊ាំរបស់មេរោគទៅនឹងឱសថ ក៏ដូចជាគ្រោះថ្នាក់ជាយថាហេតុនានា ដែលកើតឡើងដោយការប្រើប្រាស់ឱសថ។

ក្រសួងសុខាភិបាល សង្ឈឹមថា ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងដៃគូទាំងអស់នឹងចូលរួម ជាមួយក្រសួងសុខាភិបាល ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ទាំងអស់គ្នា សំដៅលើកកំពស់ សុខុមាលភាពសាធារណៈ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖